ពោធិ៍សាត់ ៖ បុរសរងគ្រោះម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃ នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ករណីគ្រោះថ្នាក់នេះឡើងនៅវេលាម៉ោង១៩និង៣៥នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានអ្នកបើកគោយន្តកន្ត្រៃមួយគ្រឿងបើកបរលើផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ឃុំថ្មដាស្រុកវាលវែងបើកបរក្នុងទិសដៅពីលិចទៅកើត មួយសន្ទុះក្រោយមកក៍មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាC-125 គ្មានស្លាកលេខ បើកបរក្នុងទិសដៅស្របទិសគ្នា បោះពួយយ៉ាងលឿនមកដល់ចំណុចខាងលើបានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់(បង្គោលរបងភ្លើងឆេះនៅសល់តែខ្លឹម)ពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ភ្លាមៗនោះអ្នកបើកបរគោយន្តក៍រត់គេចខ្លួនបាត់ទៅ ដោយបន្សល់ទុកគោយន្តនិងម៉ូតូនៅកន្លែងកើតហេតុ រីឯជនរងគ្រោះក៏បានបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល្យអាក្រក់ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។
លោក សូឡី មេសា មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកវាលវែងបានប្រាប់ឱ្យដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណឈ្មោះអ៊ឹង ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មកស្នាក់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោក សូឡីមេសាបានបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕