ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនពីបទលួចម៉ូតូ កាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥៥នាទី ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងព្រៃស នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹប ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ស្រី សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២-ឈ្មោះ អ៊ុន សម្បតិ្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៊ី សារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបុរីចំការដូង ផ្ទះលេខអូ៩១ ផ្លូវអូសេដេ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1J-3924 លេខ តួលេខម៉ាស៊ីន 9793459 មួយ គ្រឿង(របស់ជនរងគ្រោះ), ម៉ូតូម៉ាកហុងសេ១២៥ ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1GU-8356 លេខតួលេខម៉ាស៊ីន 5169112 មួយគ្រឿង(របស់ជនសង្ស័យ), សោរខ្សៀលេខ៨ផ្សារជាមួយដែកមូលធ្វើមានរាងអង្សរ (T) មួយ ,ដែកជ្រុងចុងសំប៉ែតស្រួចមួយ, ទូរស័ព្ទដៃម៉ាកណូ គាចុចពិលពណ៌ខ្មៅ មួយគ្រឿង, កូនសោរម៉ូតូ ចំនួន០២, ក្រាមពណ៌ សថ្លាមួយកញ្ចប់ថង់តូច។
លោកអធិការបន្តថាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥៥នាទី ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1J-3924 លេខតួ លេខម៉ាស៊ីន 9793459 មួយគ្រឿង ដឹកស៊ីម៉ង់ត៍មួយបាវយកមកជួសជុលបន្ទប់ជួល នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយជនរងគ្រោះក៏បានឈប់ម៉ូតូនៅមុខផ្ទះជួលខាងលើ រួចហើយបានលើកស៊ីម៉ង់ត៍ចុះហើយដកកូនសោរម៉ូតូពីកុងតាក់យកមកចាក់បើកកែបម៉ូតូដើម្បី យកសម្ភារៈផ្សេងៗ រួចមិនបានដកកូនសោរមកវិញទេ។ ពេលនោះ មានជនសង្ស័យចំនួន០២នាក់ខាងលើ បានជិះម៉ូតូ០១ គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-8356 មានលេខតួ និងលេខ ម៉ាស៊ីន5169112 ដោយជនសង្ស័យឈ្មោះ ស្រី សំណាង ជាអ្នកបើកម៉ូតូមកឈប់ក្បែរម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ អ៊ុន សម្បត្តិ ដែលជិះខាងក្រោយបានចុះពីលើម៉ូតូ ដើរមកធ្វើសកម្មភាពកាច់សោរកម៉ូតូ តែ ពេលឃើញមានកូនសោរជាប់នឹងកែបម៉ូតូស្រាប់ ក៏បានយកកូនសោរម៉ូតូបញ្ឆេះជិះចេញ តែជនរងគ្រោះបានឃើញក៏ស្រែកឆោឡោថា ចោរៗ រួចសមត្ថកិច្ចយើងក៏បានដេញតាមពីក្រោយភ្លាមៗរហូតដល់ផ្លូវ២១៧ ត្រង់ចំណុចរោងចក្រផលិតស័ង្កសីបូព៌ា នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើបាន រួមនិងវត្ថុតាង យកមក សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ទាំង០២នាក់ខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចអោយដឹងថាពួកគេកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូជាច្រើនលើកថែមទៀតនៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ អធិការដ្ឋាននគរបាល ខណ្ឌដង្កោ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕