ក្រុម​ចោរឆក់​៣​នាក់​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

23-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ព្រែក​ប្រា​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​អំពៅ​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទ្រព្យសម្បត្តិ​)​ ចំនួន​ ០៤​ ករណី​។​ លោកនាយ​ការិយាល័យ​បន្ត​ថា​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​ ២០១៨​។​

​ករណី​ទី​១៖​ក្រុម​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ផ្ទៃមេឃ​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២៩​ ផ្លូវ​ព្រះ​នរោត្តម​ ភូមិ​៨​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​០៥​និង​៣៥​នាទី​។​ ជន​រង​គ្រោះ​ឈ្មោះ​ លីវ​ តៃ​ហ័​រ​ (LIU​ DAI​ HUA)​ ភេទ​ ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ចិន​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៧​ ផ្លូវ​លេខ​៣២២​ ភូមិ​៨​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មុខរបរ​ពាណិជ្ជករ​។​

សម្ភារៈ​បាត់បង់ៈ​កាបូបស្ពាយ​ ពណ៌​ផ្ទៃមេឃ​ ចំនួន​មួយ​,​ កូន​កាបូប​លុយ​ពណ៌​ខ្មៅ​មួយ​,​ លិខិតឆ្លងដែន​លេខ​ EA​ ៤០៣២៩០៧​ ចំនួន​ ០១​ ក្បាល​,​ ប្រាក់​ដុល្លារ​ចំនួន​ ១០,០០០​ ដុល្លារ​អា​មេ​រិ​ក​,​ កាត​ធនាគារ​ចំនួន​ ០៧​ សន្លឹក​,​អាវយឺត​កីឡា​ចំនួន​ ០២​ ឈុត​។​

​ករណី​ទី​២៖​ក្រុម​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូប​)​ នៅ​ចំហៀង​សណ្ឋាគារ​ TOKYO​ INN​ ផ្លូវ​ស​ប៊ិ​ត​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣០​នាទី​។​

​ករណី​ទី​៣៖​ក្រុម​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូប​យួរដៃ​ពណ៌​ខ្មៅ​)​ នៅ​ចំណុច​ផ្លូវ​លេខ​៦៣​ មុខ​សណ្ឋាគារ​ សង់អា​លី​ហ្សេ​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១៤​និង​២០​នាទី​ ពី​បុរស​ជនជាតិ​ចិន​ កំពុង​ដើរ​ម្នាក់ឯង​។​

​ករណី​ទី​៤៖​ក្រុម​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​(​ឆក់​ទ្រ​ព្រ​ព្យ​សម្បត្តិ​)​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧​ ផ្លូវ​សុធារស​ ភូមិ​ទី​៣​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​ ២០១៨​ ។​

​លោកនាយ​ការិយាល័យ​បន្ថែម​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ យឹ​ម​ ភា​រុន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​
​មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវលំ​ ភូមិ​ព្រែក​តា​នូ​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ៤០១​ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ ចេញ​ដោយ​លោក​ ថា​ន់​ ឡេ​ង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់​កាលពី​ខ្លួន​ថ្ងៃ​ទី​២០​ ខែ​ សីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ប្រា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​ ទី​២-​ឈ្មោះ​ កៅ​ ក្វេ​ង​ហុង​ ហៅ​ ភួង​ សុ​វ​ណ្ណា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ថតរូប​ ស្នាក់​នៅផ្ទះ​លេខ​ ៥A​ ផ្លូវ​លេខ​ ៣៣៤​ សង្កាត់​ បឹង​សាឡា​ង​ ខណ្ឌ​ ទួល​គោក​ ឃាត់ខ្លួន​ថ្ងៃ​ទី​២០​ ខែ​ សីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​ និង​៣០​នាទី​ នៅ​ចំណុច​ ក្រោយ​រោង​ភាពយន្ត​គី​រី​រម្យ​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ ទី​៣-​ឈ្មោះ​ ម៉​ន​ រតនៈ​ ហៅ​ណា​ក់​តូច​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៩៤E២​ ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារ​កណ្តាល​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​និង​៣០​នាទី​ នៅ​ចំណុច​ក្រោយ​រោង​ភាពយន្ត​គី​រី​រម្យ​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20608187

  • ថ្ងៃនេះ4351
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50581
  • ខែនេះ165731
  • ឆ្នាំនេះ165731
  • សរុប20608187