ពោធិ៍សាត់៖ បុរស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ដោយរន្ទះបាញ់។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកញ្ជរបានឲ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង ៣ រសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចវាលស្រែ ចុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមការរៀបរាប់របស់ជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងបីនាក់នាំគ្នាដេញគោសំដៅមកផ្ទះនៅពេលដែលមេឃកំពុងភ្លៀងនិងខ្យល់ លុះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់០២នាក់ ចំណែកឯរូបគាត់នៅឆ្ងាយពីគ្នានោះរងរបួសស្រាល។ ក្រោយពេលកើតហេតុ អ្នកភូមិក៏បានជួយសង្គ្រោះជនរងគ្រោះដោយយកជនរងគ្រោះទៅកប់ដីតាមរបៀបបុរាណ ប៉ុន្តែជនរងគ្រោះទាំងពីរបានបាត់បង់ជីវិតទៅហើយ។
សមត្ថកិច្ចនគរបាលរដ្ឋបាលកញ្ជរបានឲ្យដឹងថា ជនរងគ្រោះដោយឧបទ្ទវហេតុរន្ទះបាញ់នេះ ១.ឈ្មោះប៉ិល យោម ភេទស្រី អាយុ៥៤ឆ្នាំជនជាតិខ្មែរ (ស្លាប់ )។ ២.ឈ្មោះធន ថង ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ(ស្លាប់)។ ៣.ឈ្មោះ ស្រី គីម ភេទប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល។ ជនរងគ្រោះទាំងបីនាក់នេះមានទីលំនៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងដែរថា នៅថ្ងៃដដែលនោះក៏មានករណីភ្លៀង និងខ្យល់កន្ទ្រាក់យ៉ាងខ្លាំង ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន០៧ ក្នុងនោះប៉ើងដំបូល០២ខ្នង,របើកដំបូល០២ខ្នង, ដើមឈើរលំសង្កត់លើ០១ខ្នង និង រលំ០២ខ្នង ស្ថិតក្នុងភូមិផ្លូវលួងចំនួន០៦ និង០១ខ្នងទៀត ស្ថិតនៅភូមិព្រែកត្របែក ឃុំញ្ជរ ស្រុកកណ្តៀង ។នៅពេលនោះសមត្ថកិច្ចនគរបាលក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលមានមេឃភ្លៀង ផ្គរ ខ្យល់ រន្ទះ ត្រូវមានការប្រុងប្រយត្ន័ កុំដើរកាត់ភ្លៀង កុំនៅជិតឬក្បែរឧបករណ៍ឆ្លងចរន្ត ឬនិយាយទូរស័ព្ទ ឬជ្រកក្រោមដើមឈើជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕