ភ្នំពេញ៖ បន្ទាប់ពីធនគារជាតិ នៃកម្ពុជាបានសេចក្តីណែនាំស្តីពីការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ។ ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដាក់ឲ្យប្រើប្រាស់តាមព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩។ អនុក្រិត្យស្តីពីការគ្រប់គ្រងសន្តិសុខឯកជន លេខ២៨៩ អន ក្រ.ប.ក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣។ សេចក្តីណែនាំស្តីពីការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធបានចេញកាលពីថ្ងទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយត.ប ទេសាភិបាល អគ្គនាយករងត្រួតពិនិត្យ លោក គិត សុវណ្ណារិទ្ធ។
តបតាមកម្មវត្ថុនិងយោងខាងលើ ធនាគារជាតិ នៃកម្ពុជា សូមជម្រាបជូន លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ជ្រាបថា ក្នុងគោលបំណងចូលរួមចំណែកក្នុងការរក្សា និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធនាគារជាតិ នៃកម្ពុជា មិនលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធនៅក្នុង ឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួននៅពេលដែលប្រទេសកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ។ ក្នុងករណីចាំបាច់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវស្នើសុំកិច្ចសហការ និងការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ ផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
កន្លងមក ធនាគារជាតិ នៃកម្ពុជា បានពិនិត្យឃើញថា គ្រឹះស្ថានមួយចំនួនកំពុងប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធការពារនៅក្នុង ឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួន ដែលអាចបង្កហានិភ័យជាយថាហេតុដល់អាយុជីវិតប្រជាជន និងសណ្ដាប់ធ្នាប់សាធារណៈ។ អាស្រ័យហេតុនេះ ធនាគារជាតិ នៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានទាំងនោះសុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ព្រមទាំងរាជការណ៍មកអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា ឲ្យបានមុនថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៨ អំពីបញ្ជីឈ្មោះភ្នាក់ងារសន្តិសុខនិងចំនួនអាវុធ។
ធនាគារជាតិនៃកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ នឹងចូលរួមសហការអនុវត្តខ្លឹមសារនៃសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធិភាពខ្ពស់។
បន្ទាប់ពីធនាគារជាតិ នៃកម្ពុជាបានចេញសេចក្តីណែនាំខាងលើរួចមាន។ នៅតាមបណ្តាគ្រឹះស្ថាននានា គ្មានកម្លាំងប្រដាប់អាវុធការពារ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនមួយក្រុមមានគ្នាប្រហែល៥ទៅ៦នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានចូលប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា កានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១នឹង៤៧នាទី នៅចំណុចធនាគា អ អេច ប៊ី ឥណ្ឌូឆៃណា សាខាម៉ៅសេទុង អាគារលេខ២១៨ ផ្លូវម៉ៅសេទុង ក្រុម១០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ កុយ ខាន់ណារិទ្ធ អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងថាជនសង្ស័យចំនួនប្រហែល០៦នាក់ ស្លៀកពាក់ស៊ីវិល ពាក់មួកសុវត្ថភាព ប្រដាប់ដោយអាវុធខ្លីប្រហែល០៤ដើម មិនស្គាលលម៉ាក់ជិះមូតូ០៣គ្រឿង ម៉ាកអ៊ិចសាយទ័រ ពណ៌ខៀវលាយខ្មៅ នឹងពណ៌ទឹកក្រូចលាយស គ្មានស្លាកលេខ នឹងមួយគ្រឿងទៀត ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ មិនស្គាល់ស្លាកលេខ។
ជនរងគ្រោះ ឈ្មោះ សុក សុភេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែ ស្នាក់នៅផ្ទះលេខ ២៣៧ ផ្លូវ៣៦៩ភូមិដើមម៉ាក់ក្លលឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារបាត់បង់ៈ សរុបទឹកប្រាក់បាត់បង់ជាដុល្លារ ចំនួនជាង១០ម៉ឺនដុល្លារ ពេលធ្វើសកម្មភាពរួចជនសង្ស័យបានចេញមកវិញ នាំគ្នាជិះម៉ូ គេចខ្លួនទៅបាត់អស់។
តាមការសាកសួរ សាក្សីឈ្មោះ ពត ចាន់ធូន ភេទស្រី អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវលំ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកផ្នែកអនាម័យបានរៀបរាប់ថា នៅវេលម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ពួកគាត់មានគ្នា ០៣នាក់ បានរៀបចំហូបបាយនៅក្បែរបន្ទប់ទឹកហើយឈ្មោះ ឆាយ ងើបមុនគេ។ មួយសន្ទុះក្រោយមកឃើញរត់ត្រឡប់មកវិញទាំងត្រហេបត្រហបដោយប្រាប់ថាមានក្រុមចោរចូលប្លន់ ក៏នាំគ្នារត់ពួនរហូតក្រុមចោរប្លន់រត់គេចអស់ទើបនាំគ្នាមកខាងមុខធនាគារ លុះក្រោយមកទើបមានសមត្ថកិច្ចមកដល់។
លោក ឃុន ឃិន ជាសន្តិសុខឯកជន ក្រុមហ៊ុន MBA ដែលឈរយាមសុវត្ថិភាព នៅធនាគារ RHD ឥណ្ឌូឆាយណា ដែលត្រូវឧក្រិដ្ឋជនចូលប្លន់ បានបំភ្លឺប្រាស់សមត្ថកិច្ចថា កាលពីមុខក្នុងធនាគារនេះ គឺមានសន្តិសុខ និងសមត្ថកិច្ចយាមជាប្រចាំ។ ប៉ុន្តែចាប់តាំងពីមុនបោះឆ្នោតសន្តិសុខជាមន្ត្រីនគរបាលបានឈប់ដោយពុំដឹងមូលហេតុ។ បុរសជាសន្តិសុខយាមធនាគារខាងលើ បានបន្តទៀតថា នៅថ្ងៃកើតហេតុរូបគាត់បានឈរយាមនៅខាងក្រៅមុខទ្វារធនាគារមានភារកិច្ចរៀបចំសណ្តាប់ម៉ូតូ និងរថយន្តចូលចតឲ្យបានត្រឹមត្រូវ ស្រាប់តែពេលនោះមានក្រុមជនសង្ស័យប្រមាណ ៤ទៅ៥នាក់ ស្លៀកពាក់ស៊ីវិលពាក់មួកសុវត្ថិភាព និងពាក់អាវកាក់ពីក្រៅបានដើរសំដៅចូលធនាគារពេលនោះគាត់បានស្រែកហាមមិនឲ្យពាក់បុកចូល ប៉ុន្តែក្រុមជនល្មើសបានដកកាំភ្លើងបញ្ចូលគ្រាប់ភ្ជង់គម្រាមអូសចូលក្នុងធនាគារ និងបញ្ជាបុគ្គលិកទាំងអស់នៅឲ្យស្ងាមរួចពួកវាប្រមូលលុយរបស់ធនាគារបន្ទាប់មកបានរត់គេចខ្លួនបាត់តែម្តង។
ពាក់ព័ន្ធករណីប្លន់លុយក្នុងធនាគារ RHD ឥណ្ឌូឆៃណានេះ មហាជនរងចាំមើលថា កម្លាំងសមត្ថកិច្ចអាចបំបែកសំណុំរឿងដ៏កក្រើកកណ្តាលរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃត្រង់នេះបានដែរឬទេ? ហើយសកម្មភាពនេះហាក់បីដូចជាស្វាគមន៍ប្រធាននាយដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃថ្មី ដែលទើបប្រកាសផ្ទេរភារកិច្ច តែងតាំង នៅថ្ងៃទី២២ ខែសីហាថ្មីៗនេះ ថាអាចមានសមត្ថភាពប៉ុណ្ណាក្នុងបំបែកសំណុំរឿងឧក្រិដ្ឋជនប្លន់ធនាគារនេះ?
ក្រោយពីមានករណីប្លន់ធនាគារ ឥណ្ឌូឆៃណា (RHB)រួចមក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីសំណាក់គណៈអភិបាល អភិបាលរង អាជ្ញាធរទាំង ១២ខណ្ឌ ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ (កងរាជអាវុធហត្ថ និងនគរបាល) ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំបន្ទាន់របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺដើម្បីពិភាក្សារិះរកវិធានការក្នុងការបំបែកសំណុំរឿងដែលក្រុមឧក្រិដ្ឋជនចូលប្លន់ក្នុងធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ដែលកើតមានឡើងកាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ ដោយមានចោរប្រដាប់អាវុធក្រុមមានគ្នាប្រមាណ៦នាក់ បានចូលប្លន់ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ប្រមូលយកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នោះថា “អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខណ្ឌទាំង ១២ ត្រូវតែពង្រឹងឡើងវិញដោយមានអ្នកប្រចាំបញ្ជាតាមគោលដៅសំខាន់ៗដើម្បីត្រៀមចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ”។ លោកបន្តទៀតថា សមត្ថទាំងអស់មិនត្រូវប្រចាំគ្នានោះទេ គឺត្រូវមានការរួមសហការគ្នាឲ្យបានស្អិតរមួតក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ បងប្អូនអាជីវករធ្វើអាជីវកម្ម ក្នុងរាជធានីភ្នំពេញទាំងមូលឲ្យមានសុវត្ថិភាព ព្រោះជាកាត្វកិច្ចរបស់យើងក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរម្លឹកដល់សមត្ថកិច្ចគ្រប់ខណ្ឌ ត្រូវតែនាំគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសឆក់ប្លន់និងត្រូវរួមសហការគ្នាក្នុងការស្រាវជ្រាវដើម្បីបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធដ៏កក្រើន ក្នុងធនាគារ អ អេច ប៊ី ឥណ្ឌូឆាយណា ដែលកើតមានឡើងនៅថ្ងៃទី២៣ សីហាដើម្បីឈានកំណត់បានមុខសញ្ញាជនសង្ស័យឈានដល់ការយកមកផ្តន្ទាទោសតាមច្បាប់ ៕