ព្រះសីហនុ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនប្រុសស្រី៤នាក់ ពីបទផ្សព្វផ្សាយខិតបណ្ណរូបភាពអាសអាភាស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ Xiang zi អាយុ ១៩ឆ្នាំ ភេទស្រី, ទី២-ឈ្មោះ Chao jian ring អាយុ ១៨ឆ្នាំ ភេទស្រី, ទី៣-ឈ្មោះ Liu xiong fei អាយុ ២៧ឆ្នាំ ភេទប្រុស និងទី៤-ឈ្មោះ Duan yu cheng អាយុ ៣៦ឆ្នាំ ភេទប្រុស។ បានធ្វើសកម្មភាព ដោយចតរថយន្តនៅចំណុចខាងលើ ក្នុងគោលបំណង ចែកខិតបណ្ណផ្សព្វផ្សាយរូបអាសអាភាស។
ពេលសមត្ថកិច្ចត្រួតពិនិត្យពួកគាត់បានកាន់ខិតបណ្ណផ្សព្វផ្សាយរូបភាពអាសអាភាស ក្នុងន័យបង្កប់សេវាផ្លូវភេទ ទម្លាក់ចុះពីតាបឡូរថយន្តមកក្រោម ឃើញសភាពបែបនេះកម្លាំងជំនាញបាននាំពួកគាត់មក អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ តែពួកគាត់មិនព្រមសហការ ជាមួយសមត្ថកិច្ចឡើយ។
សមត្ថកិច្ចបានដកហូតវត្ថុតាងៈ ទូរស័ព្ទចំនួន៤គ្រឿង, ខិតបណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-8959 ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕