ព្រះសីហនុ៖ រថយន្ត៤គ្រឿងបានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស ធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង៣០នាទី លើផ្លូវវិថីផែ ត្រង់ចំណុចចំណោទលោកយាយម៉ៅ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកSSANGYONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2T-4080 បើកបរដោយឈ្មោះ ញ៉ែម សារ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្រុកទន្លេបាទី ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ ភេទស្រី មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បុកពីខាងក្រោយរថយន្តកូរ៉េ មួយគ្រឿងម៉ាក TITAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U-6403 បើកបរដោយឈ្មោះ ស្រ៊ាង ចែ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មានទិសដៅស្របគ្នា បន្ទាប់មករថយន្តកូរ៉េបានខ្ទាតមកបុករបាំងពុះចែកទ្រូងផ្លូវ និង រថយន្តSSANGYONG បន្តទៅបុករថយន្តកុងតឺន័រ មួយគ្រឿងទៀតម៉ាក VOLVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4496 ដែលខូចចតស្ងៀម អ្នកបើកបរឈ្មោះ ស៊ឹម វី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ។ ក្រោយមកទៀតក៏មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3A-1284 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន អ៊ូរល័រ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានឃើញករណីគ្រោះថ្នាក់នៅខាងមុខ ក៏បានជាន់ហ្វ្រាំងរអិលក្រឡាប់ធ្លាក់ពីលើផ្លូវតែម្ដង។
លោកស្នងការរងបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ០៣នាក់ស្រី ០១នាក់រួមមានទី១-ឈ្មោះ ញ៉ែម សារ៉ុន អ្នកបើកបររថយន្តSSANGYONG រងរបួស ជើង បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ, ទី២-មិនទាន់ស្គាល់អត្តសញ្ញាណ ភេទស្រី អ្នករួមដំណើរលើរថយន្តSSANGYONG រងរបួស ស្រាល ទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ និងទី៣-អ្នកបើកបររថយន្តកុងតឺន័រ HYUNDAI ក្រុមហ៊ុនអ៊ូរល័រ រងរបួសមធ្យម បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ។
បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កំពុងចាត់ចែងស្ទូចយករថយន្តគ្រោះថ្នាក់ទាំងអស់ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕