ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១និងកម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្ខពួក០២នាក់)ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់កាបូបស្ពាយបណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្របានស្លាប់) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៤និង១០នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១៣០ ភូមិទី២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថាជនសង្ស័យឈ្មោះ សឿន វីរៈ ហៅ រ័ក្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះ ឈ្មោះ ស៊ិន ស្រី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល(ស្លាប់) ហើយបច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះខាងលើ។
ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀននិងធ្លាប់ជាប់ពន្ធនាគារព្រៃសកាលឆ្នាំ២០១៦ពីបទហិង្សាដោយចេតនា។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕