ព្រះសីហនុ៖ សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថាកម្លាំងជំនាញខេត្តបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាជនជាតិចិនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី។
ករណីទី១៖កាលពីថ្ងៃច័ន្ទ១ រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង២០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិនចំនួន០២ នាក់ នៅពេលកម្លាំងចម្រុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន នៅក្នុងរថយន្ត។
ជនសង្ស័យទី១-ឈ្មោះ YANG REN CHEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន) ទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន។
វត្ថុតាងដកហូតបានៈម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ (១កញ្ចប់ធំនិង៤២កញ្ចប់តូច), បំពង់សារ៉ាំងមានពណ៌ក្រហមចំនួន១៤, ទូរស័ព្ទមួយគ្រឿង, រថយន្ត ១គ្រឿង ម៉ាក LEXUS330។
ករណីទី២៖ កាលពីថ្ងៃច័ន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង២០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបររកស៊ី។
កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិចិននោះ នៅពេលដែលរូបគេបានទៅយករថយន្តនៅក្លឹបខារ៉ាអូខេ ស៊ីងតុហ្វាង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀនកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨) ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការសង្ស័យ ក៏បានឃាត់ខ្លួន នាំទៅឆែកឆេររថយន្តរបស់ គាត់ រកឃើញនិងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤ កញ្ចប់តូច, កាហ្វេចំនួន ០២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន,ជញ្ជីងថ្លឹងចំនួនមួយ, ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕