ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨២៦ “ឡ” ដចន ចុះថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៧ ចេញដោយលោក ជា សុច័ន្ទដេត ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ ពីបទ ហិង្សាប្រព្រឹត្ត ដោយ សហព័ទ្ធ ឬ អនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថាជនសង្ស័យឈ្មោះតុប ម៉ៅ ហៅ តុប វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
លោកអធិការរងបន្តថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង២១និង៥០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែង ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ ឈ្មោះ តុប វុទ្ធី (តុប ម៉ៅ), ឈ្មោះផន រ៉ា និងឈ្មោះ វិន វិឆៃ ដក ហូតវត្ថុតាងក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ត្រូវបានលោក អ៊ី ឋាវរៈ ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នលេខ ៦៦៧៦ “ព” ដពស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទប្រកាន់ឈ្មោះ តុប វុទ្ធី ពីបទ ៖ រក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន រួចសមត្ថកិច្ចយើងបានបញ្ជូនឈ្មោះ តុប វុទ្ធី និងជនល្មើស ៤នាក់ទៀត ទៅពន្ធនាគារព្រៃស (ម១) ពេលមកដល់ចំណុចភូមិឬស្សី១ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យឈ្មោះ តុប វុទ្ធី ក៏បានបន្លំលួចដោះខ្នោះដៃមួយចំហៀង រួចលោតពីលើរថយន្តរត់គេចខ្លួន)។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕