ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៣និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (ប្រើដៃវាយកញ្ចក់ម៉ូតូកង់បីឡាំប្រ៊ីតា) នៅចំណុចផ្លូវ១៩៨៦ កែងផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ពេជ្រ ឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្លឹបហ្គោឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវ១០១១ ក្រុម៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ មួន រី ភេទប្រុស ងាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីឡាំប្រ៊ីតា ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈខូចខាត៖ បែកកញ្ចក់ម៉ូតូកង់បីឡាំប្រ៊ីតាខាងមុខ។
សមត្ថកិច្ចបានឲ្យដឹងថាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានករណីធ្វើឲ្យខូចខាតដោយចេតនា (ប្រើដៃវាយកញ្ចក់ម៉ូតូកង់បីឡាំប្រ៊ីតា) បន្ទាប់មកសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង រួចជនរងគ្រោះបានបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕