បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនយ៉ាម៉ា១.០០៧គ្រាប់នៅជាប់ជាយដែនកម្ពុជា.ថៃត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបបពិតប្រាកដ រស់នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅយ៉ាម៉ាចំនួន១០០៧គ្រាប់និងមធ្យោបាយមានម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥៩ ស្ថិតភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ថា៖នៅពេលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនបាននាំយកមកសាកសួរនៅទីបញ្ជាដ្ឋានការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតាមចម្លើយសារភាពត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់វិធានការស្រាវជ្រាវមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនតាមការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕