កណ្ដាល៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូបុកគ្នាពេញមួយទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1M-0076 ជិះដោយឈ្មោះ ឡឺម ចាន់អេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ អាជីវករលក់សាំង មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ( រងរបួសធ្ងន់) រួមដំណើរជាមួយឈ្មោះ រិទ្ធ ចាន់ស្រីកា ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស ( ត្រូវជាកូនរងរបួសស្រាល) និងម្នាក់ទៀតឈ្មោះ រស្មី សុជាតិ ភេទស្រី អាយុ២ ឆ្នាំ (ត្រូវជាចៅរងរបួសស្រាល)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដា ហ្ស៊ូមម័រ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Z-9339 ជិះដោយឈ្មោះ ឃន សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កុបពី ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ ឆ្ពោះទៅជ្រៃធំ) លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាហ្ស៊ូមម័រ ធ្វើដំណើរស្របទិសគ្នា បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់ បានបុកម៉ូតូស្កុបពីពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ រីឯក្មេងៗ២នាក់ទៀតដែលរួមដំណើរជាមួយម៉ូតូស្កុបពីរងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕