បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការិយាល័យ ការពារនិងអន្តរាគមន៍ និងកម្លាំងនគរបាលស្រុកអូរជ្រៅ បង្ក្រាបមុខសញ្ញាឆក់ត្រី ឈានដល់ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះពេត សារ៉ុម ភេទប្រុស អាយុ២៧ឆ្នាំ ភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនម្នាក់នេះទន្ទឹមនឹងជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿង គឺជាមុខសញ្ញា ឆក់ត្រីយ៉ាងសកម្មផងដែរ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានឲ្យដឹងដែរថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើការឆែកឆេរ នៅនឹងផ្ទះរបស់ជនសង្ស័យ រកឃើញវត្ថុតាងជាក់ស្តែងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍ម្សៅពណ៌សក្រាម ចំនួន២កូនថង់ទម្ងន់១១,១០ក្រាម, កាំភ្លើងខ្លីជ័រម៉ាកឡុក១ដើម, ទូរស័ព្ទដៃ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១, ដែកកេះ២, ដាវសាម៉ូរ៉ៃ ១ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត និងក្រដាស់វេលុយថ្លៃទិញថ្នាំចំនួន២សន្លឹក។ បើតាមចម្លើយសារភាព របស់ជនសង្ស័យ គេបាននិយាយថា ថ្នាំញៀនទាំងនេះ គឺគេ ទិញមកពីមនុស្សម្នាក់នៅថៃ ក្នុង១ថង់នេះ តម្លៃ៥០ម៉ឺរៀល ចំពោះលុយកាក់គឺគេវេតាមវីង និងទ្រូម៉ានី រួចយកថ្នាំមកលក់ចែកចាយបន្តក្នុងភូមិ។ចំពោះសកម្មភាពរបស់គេទើបតែជាលើកទី១ ទេក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ជនសង្ស័យ កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគញរឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕