ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) នៅចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធឹស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី។
លោកវរសនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថាក្រោយពីពាក្យបណ្ដឹងឈ្មោះ ឆោម កក្កដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនគរបាល មានទីលំនៅផ្ទះលេខ៦១E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
លោកអធិការបន្តថាជនសង្ស័យទី១-ឈ្មោះ ចាន់ ណារិន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ឃុន សិទ្ធណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ សយ សំបុត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,និងទី៤-ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមានៈ ម៉ូតូម៉ាកហុងដាប៊ីត(BEAT) ពណ៌ក្រហម ស គ្មានស្លាក លេខតួ 9006229 និងលេខម៉ាស៊ីន 9006344 ចំនួន ០១គ្រឿង, ម៉ូតូម៉ាកអេសអឹល(SL)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AF-5949លេខតួ1002756 លេខម៉ាស៊ីន1002815, ម៉ូតូម៉ាកនិច(NEX)ពណ៌ស ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-4621 លេខតួនិងលេខម៉ាស៊ីន323555 ចំនួន០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀននិងសោរសម្រាប់ដោះម៉ូតូមួយចំនួន។
លោកអធិការបញ្ជាក់ថាកាលពីថ្ងៃកាលពីថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធឹស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី ឈ្មោះ ឆោម សុវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះឈ្មោះ ឆោម កក្កដា ភេទប្រុស អាយុ២៩ឆ្នាំ បានជិះម៉ូតូម៉ាកនិច(NEX)ពណ៌ស ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-4621 លេខតួនិងលេខម៉ាស៊ីន323555 យកមកបញ្ឈរទុកនៅខាងមុខផ្ទះលេខ៦១E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចឈ្មោះ ឆោម សុវ័ន្ត ក៏បានដើរចូលទៅក្នុងផ្ទះរួចដេកលេងជាមួយជនរងគ្រោះ។ រហូតដល់វេលាម៉ោង១៩ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានដើរចេញពីក្នុងផ្ទះមកមើលម៉ូតូម៉ាកខាងលើ ស្រាប់តែបាត់ពីកន្លែងដែលបញ្ឈទុក។
បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលដង្កោ ជួយអន្តរាគមន៍ និងពិនិត្យមើលជីភីអេស(GPS) តាមរយៈទូរស័ព្ទដៃភ្ជាប់និងម៉ូតូដែលបាត់នោះឃើញជីភីអេស(GPS)បង្ហាញត្រង់ចំណុចផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវទៅដល់ផ្ទះខាងលើ និងព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យទាំង០៤នាក់ខាងលើដើម្បីអោយ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕