បាត់ដំបង៖ នៅថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែនរួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្រុកឯកភ្នំ និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះបានឃាត់ខ្លួន ជនដៃដល់ក្នុងអំពើហិង្សាប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះនិងបណ្តាលឲ្យស្លាប់ ម្នាក់។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ ចាន់ សុហេង ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង មកស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ធឿន មករា ហៅស៊ុយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួនចាប់តាំងពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយមិនមានក្រុមគ្រួសារបានដឹងពីដំណឹងអ្វីទាំងអស់ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទីព្រឹក ប្រជាពលរដ្ឋនៅស្រុកឯកភ្នំបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ ឃើញដូច្នេះទើបប្រជាពលរដ្ឋរាយការណ៍ពត៌មាននេះជូននគរបាលស្រុកឯកភ្នំ ក្រោយធ្វើការស្រង់សាកសពចេញពីក្នុងទឹកស្ទឹងមក ពិនិត្យលើរាងកាយសាកសពឃើញមានស្លាកស្នាមរបួសដែលនាំទៅដល់ការវាយតម្លៃអំពីស្ថានភាពដែលមានអំពើហិង្សាណាមួយដែលបង្ករឡើងចំពោះសាកសពបុរសរូបនេះ។
ផ្តើមចេញពីរូបភាពសាកសពនេះទើបក្រុមគ្រួសាររបស់សពបានដឹង ហើយបានបង្ហាញប្រាប់សមត្ថកិច្ចថាសាកសពមានឈ្មោះ ធឿន មករា ហៅ ស៊ុយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួនចាប់តាំងពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដោយមិនដឹងមូលហេតុ។ នៅពេលទទួលបានព័ត៌មានបែបនេះនគរបាលបានប្រើប្រាស់វិធានការជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតដល់រសៀលថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០១៨ដដែលនេះពោលគឺត្រឹមតែរយៈពេល០៤ម៉ោងប៉ុណ្ណោះ ក្រោយពេលសាកសពស្រង់ចេញពីទឹកនគរបាលបានវែកមុខជនដៃដល់ក្នុងការប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះឈ្មោះ ធឿន មករា ហៅ ស៊ុយ មកទទួលខុសត្រូវចំពោះមុខច្បាប់។
ជនដៃដល់ឈ្មោះ ចាន់ សុហេង បានឆ្លើយសារភាពថានៅរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងយប់ជ្រៅរំលងអាធ្រាត្រខ្លួននិងជនរងគ្រោះមានជម្លោះជាមួយគ្នាក្នុងពេលផឹកស៊ី រហូតខ្លនប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះបណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែហើយបន្ទាប់មកក៏លិចចូលក្នុងទឹកស្ទឹងបាត់ទៅ ក្រោយពីធ្វើសកម្មភាពហើយខ្លួនក៏សំងំធ្វើហាក់មិនបានដឹងរឿងអ្វីទាំងអស់រហូតដល់ពេលដែលសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕