កំពង់ធំ៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងបុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកបង្គោលស្លាកសញ្ញាចរាចរ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃចន្ទ ១៥រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០នឹង៤៥នាទី លើកំណាត់ផ្លូវជាតិលេខ៦២ នៅចំណុចគីឡូម៉ែត្រលេខ២៦ ព្រំប្រទល់ភូមិខ្វាន់ទៀង និងភូមិគគីរ ឃុំសសលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។។
មន្ត្រីនគរបាលចរាចរផ្លូវគោកខេត្តកំពង់ធំបានឱ្យដឹងថាមិនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CK-5418 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ឡាក់ ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិម្រាក់(ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ យ៉ុម ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំជាមួយអ្នកបើកបររថយន្តខាងលើ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
មន្ត្រីនគរបាលដដែលបន្តថាមូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន និងមិនគោរពស្លាកសញ្ញា(ផ្លូវកោង) បានជ្រុលទៅបុករះបង្គោលសុវត្ថិភាពដាក់តាមជាយផ្លូវ។ ក្រោយកើតហេតុសពប្រគល់ជូនក្រុមគ្រួសារ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ៕