ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២២និង១៥នាទី មានបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ័ត្នទៅបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់ ខណៈបញ្ជូនដល់ពាក់កណ្តាលផ្លូវ យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងខូចម៉ូតូ១គ្រឿង រថយន្ត១គ្រឿង ឧបទ្ទវហេតុគ្រោះនេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិ ប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលគេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើង ជិះឆ្លងផ្លូវឆ្លងផ្លូវមកទិសខាងលិច បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ានដាយពាក់ស្លាកលេខភ្នំពេញ3C-6730 ពណ៌ក្រហមធ្វើចរាចរណ៍ពីលិចទៅកើត បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ធ្វើឱ្យសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរលោកឱ្យដឹងថាឃើញហេតុដូចនេះសមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យបង្អែកក្រគរ យករថយន្ត បញ្ជូនជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យពោធិ៍សាត់ ចៃដន្យអាក្រក់មកដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ចំពោះអ្នកបើកបររយន្តបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុងតាងនៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក ឯម រុន លោកបានបន្តឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ អត្តសញ្ញាណឈ្មោះសោម សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគ ខេត្តពោធិ៍សាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕