ក្រចេះ៖សាកសពបុរសម្នាក់វ័យជាង៤០ឆ្នាំ ត្រូវបានពលរដ្ឋប្រទះឃើញ ស្លាប់ហើមអណ្តែតក្នុងទឹកបឹងនៅខាងក្រោយសាលាបឋមសិក្សាភូមិត្នោត ក្នុងឃុំពង្រ ស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ចំណែកនគរបាលស្រុកឆ្លូង បានសន្និដ្ឋានថាក្រោយពិនិត្យសាកសពការស្លាប់របស់ជនរងគ្រោះ គឺជាករណីឃាតកម្ម វាយសម្លាប់ ព្រោះនៅលើដងខ្លួនជនរងគ្រោះ មានស្លាកស្នាមច្រើនកន្លែង។
អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឱ្យដឹងថា ក្រោយពេលទទួលព័ត៌មានបានភ្លាមកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ កម្លាំងបានធ្វើការស្រង់សាកសពយកចេញពីក្នុងទឹកបឹង។
លោកបន្តថាជនរងឈ្មោះ អ៊ំ សារ៉ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ នៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
លោកអធិការស្រុកឆ្លូងបានបញ្ជាក់ថា តាមការពិនិត្យទៅលើដងខ្លួនសាកសព និងបរិវេនជុំវិញបានរកឃើញ ស្លាកស្នាមនៅលើសាកសពផ្នែកខាងឆ្វេងមានស្នាមជាំ ក ទន់ និងមានស្នាមបែកលើត្របកភ្នែកខាងឆ្វេង។
លោកអធិការបញ្ជាក់ថាតាមការពិនិត្យទៅលើដងខ្លួនសាកសព លោកបានដាក់ការសន្និដ្ឋានបានថា ករណីនេះសង្ស័យជា ករណីឃាតកម្ម។
តាមការឱ្យដឹងពីគ្រួសារជនរងគ្រោះបានឱ្យដឹងថាកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ជនរងគ្រោះបានចេញពីផ្ទះដោយប្រាប់ក្រុមគ្រួសារថា ទៅរកចាប់សត្វគីងគក់ នៅខាងក្រោយភូមិ។
ចាប់តាំងពីថ្ងៃនោះមក ក៏មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយក្រុមគ្រួសារក៏បាននាំគ្នាដើររកតែរកមិនឃើញ លុះដល់ថ្ងៃទី១៤ ខែកញ្ញា ទើបពលរដ្ឋប្រទះឃើញ ស្លាប់អណ្តែតទឹកបឹងនៅខាងក្រោយភូមិ ៕