ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត(ប្រើល្បិចយកលុយក្រុមហ៊ុន)នៅចំណុចក្នុងក្រុមហ៊ុនឥណ្ឌូឆាយណា ផ្ទះលេខ១៩ដេ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង១០នាទី។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឱ្យដឹងថាជនសង្ស័យឈ្មោះ ម៉ន សាវ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឥណ្ឌូឆាយណា ស្នាក់នៅផ្ទះជួល ផ្លូវ១៩២ ភូមិ០៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនងគ្រោះឈ្មោះ ឌៀប ពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនឥណ្ឌូឆាយណា ស្នាក់នៅផ្ទះលេខ១៩ដេ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សម្ភារៈបាត់បង់៖លុយដុល្លាចំនួន៨៤៦៦,១៥ដុល្លារ។សម្ភារៈបន្សល់ទុក៖វិក័យបត្រ័ចំនួន០១។
លោកអធិការបន្តថាមុនពេលកើតហេតុកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានចូលធ្វើការនៅនៅក្រុមហ៊ុនខាងលើ នៅផ្នែកលក់តាមខេត្តនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ ជនសង្ស័យបានប្រើល្បិចដកប្រាក់ក្រុមហ៊ុនពីការប្រមូលពីអតិថិជន មកចាយវាយផ្ទាល់ខ្លួន និងបានធ្វើវិក័យប័ត្របន្លំក្រុមហ៊ុនទូរទាត់ជាច្រើនលើករហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សរុបចំនួន៨៤៦៦,១៥ដុល្លារ ហើយជនរងគ្រោះបានដឹងជនសង្ស័យព្យាយាមគេចខ្លួនចេញពីក្រុមហ៊ុន និងមិនបានទូរទាត់លុយជំពាក់ក្រុមហ៊ុនឡើយ ទើបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣ និងង១០នាទី ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី សាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕