ព្រៃវែង៖កាលពីវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តបើកបរបញ្ច្រាស់ទិសគ្នាស្ថិតលើផ្លូវជាតិលេខ១១ ចំណុចមុខផ្ទះឈ្មោះធឺន ស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង។
សមត្ថកិច្ចបានឱ្យដឹងថារថយន្តម៉ាកលុចស្ស៊ីស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2J-6067 បើកបរដោយឈ្មោះហ៊ុយ អ៊ីត ប្រុស អាយុ៥១ឆ្នាំ នៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខរបរមន្ត្រីរាជការ អ្នករួមដំណើរជាមួយឈ្មោះជៀក ជឿន មន្ត្រីមន្ទីរអភិវឌ្ឍន៍បើកពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើមានរថយន្តធុនធំ១គ្រឿងបើកមកពីទិសខាងកើតស្រាប់តែមានម៉ូតូបានវ៉ារថយន្តនោះមកបុករថយន្តម៉ាកលុចស្ស៊ីសបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់និងរបួលស្រាលម្នាក់។
ម៉ូតូម៉ាក ហុងដាC125សេរី២០១៨ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង1M-3589បើកបរដោយឈ្មោះមឿន ទ្រី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិស្គរដាច ឃុំតាកោរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។របួសធ្ងន់ពកក្បាលលើត្រចៀកផ្នែកខាងស្តាំ។ អ្នករួមដំណើរឈ្មោះកូវ គី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិភ្លយ ឃុំតាកោរ ស្រុកពោធិ៍រៀង។ អ្នករបួសទាំងពីរនាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអង្អែកខេត្តចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការស្រាវជ្រាវបំពេញនីតិវិធី ៕