ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(យកកន្ត្រៃកាត់ដំបូលតូបលក់ទូរស័ព្ទ) នៅតូបលក់ទូរស័ព្ទដៃចំណាន ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង០១និង២០នាទី។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថាជនងគ្រោះឈ្មោះ ប៊ុន រដ្ឋា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង។
លោកអធិការរងបន្តថាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង០១និង២០នាទីកណ្តាលអាធ្រាតជនរងគ្រោះកំពុងដេកយាមនៅក្នុងតូបលក់ទូរស័ព្ទដៃ(ចំណុចកើតហេតុ) ពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១AW-២៧៥២ លេខតួ-លេខម៉ាស៊ីន ៨២៦២៤៥០ មកឈប់នៅជិតតូប រួចឡើងលើដំបូលតូបយកកន្ត្រៃកាត់ដំបូល តូបស័ង្កសី ដើម្បីចូលលួចទូរស័ព្ទ ក៏ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ។
វត្ថុតាងដកហូត៖កន្ត្រៃកាត់ដែក១,កាំបិត១,ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿងជិះធ្វើសកម្មភាពម៉ាកខាងលើបញ្ជូន មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ ៕