ភ្នំពេញ៖ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងបំផ្ទុះភេរវកម្ម ប្រឆាំងរាជរដ្ឋាភិបាល នៅចំណុចផ្ទះលេខ១៨៤A ផ្លូវលេខ៦៩R ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញរបស់លោកសហការជាមួយកម្លាំងចម្រុះដោយឃាត់ខ្លួនជនសង្ស័យតាមដីការបស់តុលាការ និងធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត។ ជនសង្ស័យខាងលើឈ្មោះ ប៉េង រ៉ា អាយុ៤៨ឆ្នាំ ជាអ្នកធ្វើការ និងចាំដីឲ្យគេនៅម្តុំពេជ្រនិល។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីចាត់ការតាមនីតិវិធី៕