កណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិអន្លុងឫស្សី ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះខ្លាចដីបាក់ដល់ផ្ទះរបស់ពួកគាត់ បន្ទាប់ពីក្រុមឈ្មួញបានចាក់ដីលុបស្ទឹងព្រែកត្នោត ជិតពាក់កណ្តាលស្ទឹង។
ប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រុមឈ្មួញបានចាក់ដីចូលស្ទឹងព្រែកត្នោតស្ថិតនៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពដដែលបន្តថាក្រុមឈ្មួញបានចាក់ដីចូលស្ទឹងជាយូរមកហើយមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធណាចុះមកពិនិត្យឬហាមឃាត់ឃាត់ឡើយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិអន្លុងឫស្សី មានការព្រួយបារម្ភខ្លាំងក្នុងរដូវទឹកឡើងព្រោះការចាក់ចូលស្ទឹងបែបនេះធ្វើឲ្យដីច្រាំងស្ទឹងបាក់ខ្លាំងអាចនឹងដល់ផ្ទះរបស់ពួកគាត់។ ហើយការចាក់ដីចូលស្ទឹងធ្វើឲ្យស្ទឹងរួមតូចបាត់បង់សោភណ្ឌភាពនិងជាពិសេសទៀតនោះគឺក្រុមឈ្មួញរំលោភយកសម្បត្តិធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកបណ្ឌិតម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា”អោយសួរទៅខាងស្រុក ព្រោះលោកក្តាប់មិនបានទេ”។
ពាក់ព័ន្ធករណីចាក់ដីចូលស្ទឹងព្រែកត្នោតលោក នីន នារតី អភិបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា”ដំណោះស្រាយបែបណា អាហ្នឹងគេចាក់នៅលើ អ្នកណាថាចូល អាហ្នឹងដីកម្មសិទ្ធិគេតើ គេមានប្លង់រឹងច្បាស់លាស់របស់គេ ប្លង់រឹងរបស់គេ ព្រំប្រទល់ប្លង់រឹងរបស់គេ ចុះទៅ មុនចុះសួរនាំគេមុនផងមុនចុះ អាហ្នឹងព្រោះអញ្ចេក អានេះព្រោះគេ នៅកម្មសិទ្ធិដីរបស់គេ ហើយខ្ញុំបានឲ្យភូមិបាលទៅត្រួតពិនិត្យរួចហើយ គេវាស់មើល ចាក់ជីភីអេស(GPS)រួចរាល់ហើយ ត្រឹមត្រូវគឺដីរបស់គេ ហើយប្រជាពលរដ្ឋកុំនិយាយប្រជាពលរដ្ឋទូទៅ ប្រជាពលរដ្ឋនៅខាងកណ្តាលស្ទឹងទេ ប្រជាពលរដ្ឋនៅខាងអង្គស្នួលគេដឹងព្រំដីរបស់គេ ដូនតាគេមិច ត្រឹមណាត្រឹមណីអី ហើយមានដើមច្រាំងស្ទឹង មានគល់ត្នោតតម្រុយរបស់គេមានទាំងអស់”។
ប្រភពដដែលបានបន្តទៀតថា ដងស្ទឹងព្រែកត្នោតត្រូវបានប្រជាពលរដ្ឋយកទឹកស្ទឹងនោះប្រើប្រាស់ សម្រាប់ ស្រោចស្របដាំណាំស្រូវនារដូវវស្សារ និងរដូវប្រាំងផងដែរ បែរជាក្រុមឈ្មួញចាក់ដីចូលស្ទឹង ដោយអាជ្ញាធរខេត្ត មើលមិនឃើញទើបក្រុមឈ្មួញចាក់ដីចូលស្ទឹងបានយ៉ាងរលូន។
ហេតុនេះហើយប្រជាពលរដ្ឋ នឹងមន្ត្រីរាជការមួយចំនួន ដែលរស់នៅស្របមាត់ស្ទឹងព្រែកត្នោត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លុងឫស្សី ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំទៅក្រសួងជំនាញពាក់ព័ន្ធ ជាពិសេសនោះ លោក អភិបាលខេត្ត មេត្តាពិនិត្យមើល នៅចំណុចដីចំណីស្ទឹងព្រែកត្នោតនេះ ជាបន្ទាន់ផង៕