ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដែកថ្នាំងអំពៅគាស់សោទ្វារតូបលួចម៉ាស៊ីនឆុងកាហ្វេ)នៅតូបលក់កាហ្វេ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថាជនរងគ្រោះឈ្មោះអឿ តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល សង្កាត់វាលវង់ ខណ្ឌ៧មករា។
ចំណែកជនសង្ស័យ០២នាក់ ទី១-ឈ្មោះសុខ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ ទី២-ឈ្មោះចាន់ ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារ អំពៅ។
លោកអធិការរងបន្តថា មុនពេលកើតហេតុជនរង គ្រោះចាក់សោទ្វារតូបលក់កាហ្វេ (ចំណុចកើតហេតុខាងលើ) រួចចេញទៅសម្រាកនៅផ្ទះ។រហូតដល់ម៉ោង០៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះសុខ ប្រុស, ឈ្មោះចាន់ ធី និងឈ្មោះទិត្យ នាំគ្នាធ្វើ សកម្មភាពយកដែកថ្នាំងអំពៅគាស់សោទ្វារតូបលក់កាហ្វេជនរងគ្រោះលួចយកម៉ាស៊ីនឆុងកាហ្វ០១គ្រឿង ម៉ាកBreville ពណ៌ទឹក ប្រាក់ រួចនាំគ្នាគេចខ្លួន។ លុះដល់ថ្ងៃទី០២ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ឈ្មោះសុខ ប្រុស និងឈ្មោះ ចាន់ ធី នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដកហូតវត្ថុតាងម៉ាស៊ីន ឆុងកាហ្វេម៉ាកខាងលើបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកសោទ្វារតូប និងដែកថ្នាំងអំពៅ ជនសង្ស័យបោះចោលក្នុងព្រៃវត្តច្បារអំពៅ។ជនសង្ស័យទាំង០២នាក់ ប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕