ប៉ៃលិន៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហឹង្សាដោយចេតនា កាលពីវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថាជនបង្កឈ្មោះ លាង វូ (liang wu) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាស៊ីណូក្រោន។ ជនរងគ្រោះមានឈ្មោះ ញាញ ស្រីដា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមប្រើការនៅខារ៉ាអូខេ”សិន” ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលដដែលបន្តថា មូលហេតុបង្កឡើងដោយសារច្រឡំមនុស្សព្រោះមុនពេលកើតហេតុជនជាតិចិនរូបនេះបានអោយប្រាក់ទៅនារីបម្រើការនៅខេរ៉ាអូខេម្នាក់ ចំនួន១០០$ ដើម្បីយកនារីនោះទៅដេក ក្រោយនារីនោះបានលុយរួចនាងក៏គេចបាត់ បន្ទាប់មកជនជាតិចិននោះបានឃើញជនរងគ្រោះដោយស្មានថាជានារីដែលយកលុយខ្លួនក៏ប្រើហិង្សាតែម្តង។បច្ចុប្បន្នជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរងចាំធ្វើការដោះស្រាយ៕