ពោធិ៍សាត់៖ ជនសង្ស័យជាមុខសញ្ញាចាត់ចែង និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ក្រុង ព្រមទាំងប្រជាការពារ ចុះ បង្ក្រាប មុខសញ្ញាចាត់ចែង និងប្រើប្រាស់សារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សមត្ថកិច្ចនគរបាលជំនាញប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មាននិងសហការពីម្ចាស់បន្ទប់ សមត្ថកិច្ចបានចុះធ្វើការបង្ក្រាប ចាប់បានមុខសញ្ញាចាត់ចែង និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន០៧នាក់ ជាបន្តបន្ទាប់ក្នុងបន្ទប់ជួល។ សមត្ថកិច្ចបានបន្តក្នុងការបង្ក្រាបធ្វើឡើងជាពីរដំណាក់កាលដោយក្នុងបន្ទប់ទី១ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន០៤នាក់ ទី១-ឈ្មោះ យឿន រិទ្ធបញ្ញារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់, ទី២-ឈ្មោះ កុល គឹមស្រេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី៣ឈ្មោះ ហាក់ ទីទី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ និងទី៤-ឈ្មោះ ជា ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងវត្ថុតាងរួមមាន ម៉ូតូ០១គ្រឿង ដាវមួយដើម និងសម្ភារៈសម្រាប់ជក់មួយកំប្លេ។
ក្រោយពីសមត្ថកិច្ចធ្វើការបង្ក្រាបនៅបន្ទប់ទី១រួចសមត្ថកិច្ចឈានទៅចាប់ខ្លួនមុខសញ្ញាចាត់ចែង និងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅក្នុងបន្ទប់ទី២បានចំនួន០៣នាក់ទៀត ទី១-ឈ្មោះ សន ភារក្ស ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទី២-ឈ្មោះ ម៉ាត់ រ៉ូទីត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៣-ឈ្មោះ មាន ចាន់ប៉ូនីកា ភេទស្រី រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ និងដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១៩កញ្ចប់ ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង។សមត្ថកិច្ចបានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕