ពោធិ៍សាត់៖ ជនរងគ្រោះឈ្មោះម៉ម ណារិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអារ៉ងព្រួច ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លង់ទឹកអាងបង្គន់ក្នុងផ្ទះរបស់ខ្លួនស្លាប់កាលពី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤រសៀល នៅចំណុចអាងទឹកបង្គន់ក្នុងផ្ទះរបស់ខ្លួន ដោយក្រុមគ្រួសាររវល់ទៅច្រូតស្រូវនៅឯស្រែ ។
បើការរៀបរាប់របស់ឈ្មោះ ម៉ម សៀងគី អាយុ៥៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងក្រុមគ្រួសារបានចេញពីផ្ទះទៅច្រូតស្រូវនៅឯវាលស្រែទុកឲ្យជនរងគ្រោះនៅចាំផ្ទះម្នាក់ឯង ព្រោះរូបគេឧហ្សាណ៍ប្រកាច់ (ស្គន់ជ្រូក) ខណៈពេលរូបគាត់ត្រឡប់មកផ្ទះវិញប្រទះឃើញកូនរបស់គាត់ដេកស្លាប់ក្នុងទឹកអាងបង្គន់ក្នុងផ្ទះ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលពីអ្នកស្រុក និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុតែម្តង ។
សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ម ណារិន បានស្លាប់ក្នុងទឹកអាងបង្គន់របស់ខ្លួន សមត្ថកិច្ចក៏ប្រញ៉ាប់ប្រញាល់ចុះដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាស្លាប់ក្នុងបន្ទប់ទឹកអាងបង្គន់ក្នុងផ្ទះរបស់ខ្លួនមែន។
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់បានបន្តថា បើតាមការបញ្ជាក់និងអះអាងរបស់អាណាព្យាបាលរបស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានលក្ខណៈមិនប្រក្រតី ឧហ្សាណ៍ប្រកាច់(ស្គន់ជ្រូក) តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជនរងគ្រោះពិតជាប្រកាច់ចូលទឹកអាងទើបឲ្យបុរសរូបនេះលង់ស្លាប់ សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕