ភ្នំពេញ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា(ប្រើចបកាប់បង្ករបួសស្នាម) ត្រូវនគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅទី២ ចាប់ខ្លួននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង២០នាទី នៅចំណុចផ្ទះជួល លេខ៥៣A ផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ត្រយឹង(បុរីសន្តិភាព២) សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
លោកអធិការបន្តថាជនសង្ស័យ ឈ្មោះ វ៉ាត់ លីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅផ្ទះជួលលេខ53A ក្រុមទី៣ ភូមិដំណាក់ត្រយឹង បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៊ី ស៊ី វ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ535E ភូមិដំណាក់ត្រយឹង (បុរីសន្តិភាព២) សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ស្នាមរបួសវាយដោយចបកាប់ត្រូវចិញ្ចើមខាងស្ដាំរងរបួសធ្ងន់បន្សល់ទុក ចបកាប់ ចំនួនមួយ(ផ្លែដែកបដងឈើ)។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ គាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី២ រួចបញ្ជូនបន្តទៅកាន់ផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕