ស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។ ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ខែ វិច្ឆិការឆ្នាំ២០១៨ វេលាម៉ោង២២:៤០នាទី នៅលើផ្លូវជាតិលេខ០១ នៅចំណុចគីឡូម៉ែត្រលេខ១៤៤-១៤៥ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដា(ឆ្លាម) ពណ៌ខ្មៅ បើកបរដោយឈ្មោះឈឹម ផានិត ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរបើករថយន្តកាស៊ីណូអឺមភីរឺ មានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះនិងរថយន្ត០១គ្រឿងម៉ាកហ្វូសូ ពណ៌បៃតង ពាក់ស្លាកលេខ ភ.ព3D-6531របស់ក្រុមហ៊ុនផែស្ងួត អូលែរ បើកបរដោយឈ្មោះ(មិនស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
មន្ត្រីនគរបាលដដែលបន្តថាមូលហេតុ អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំង០២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត ៕