ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ស្នើ​សមាគម​បញ្ជូន​-​ទទួល​ពលករ​ ជួយ​រៀបចំផ្ទះ​ស្នាក់​បណ្តោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា​នៅ​ថៃ​

08-November-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ស្នើ​ឱ្យ​សមាគម​ពាក់ព័ន្ធ​នានា​ដែល​ធ្វើការ​ងារ​លើ​ការ​បញ្ជូន​ និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ជួយ​រៀបចំផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​ សម្រាប់​ពលករ​កម្ពុជា​នៅ​តាម​តំបន់​សំខាន់ៗ​ ដែល​អាច​ពួក​គេ​អាច​ស្នាក់​នៅ​បណ្តោះអាសន្ន​ ក្នុងអំឡុងពេល​ប្តូរ​ការងារ​ ឬ​រង់ចាំ​ការ​ដោះស្រាយ​វិវាទ​ជាមួយ​និយោជក​។​

ការ​ស្នើ​របស់​ ឯកឧត្តម​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ការពារ​ និង​គ្រប់គ្រង​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ​ រវាង​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​ សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ នៅ​សណ្ឋាគារ​ដឹ​ក្រេ​ដ​ឌូ​ក​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «​ដោយ​ឆ្លង​តាម​បទ​ពិសោធន៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្នុង​ការ​គ្រប់គ្រង​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខ្ញុំ​សូម​ស្នើ​សុំ​សមាគម​ពិចារណា​ក្នុង​ការ​រៀបចំផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​ សម្រាប់​ពលករ​កម្ពុជា​នៅ​តាម​តំបន់​ក្នុង​ប្រទេស​ថៃ​ ដែល​អាច​ឱ្យ​ពលករ​កម្ពុជា​ស្នាក់​នៅ​បណ្តោះអាសន្ន​ ក្នុងអំឡុងពេល​ប្តូរ​ការងារ​ ឬ​រង់ចាំ​ការ​ដោះស្រាយ​វិវាទ​ជាមួយ​និយោជក​»​។​

​ពាក់ព័ន្ធ​នឹង​ការ​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ខាងលើ​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ បាន​លើក​ឡើង​ថា​ មុន​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ការពារ​ និង​គ្រប់គ្រង​ពលករ​កម្ពុជា​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​ នា​ពេល​នេះ​ គឺ​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​ (MAC)​ សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ (ACRA)​ និង​សមាគម​ទំនាក់ទំនង​កម្ពុជា​កម្ពុជា​-​ថៃ​ (TCRA)​ បាន​ខិតខំ​សហការ​ជាមួយ​គ្នា​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។​

​ឯកឧត្តម​បាន​បន្ត​ថា​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ គឺជា​វឌ្ឍនភាព​ និង​យន្តការ​បន្ថែម​ថ្មី​មួយទៀត​ ក្នុង​ការ​ការពារ​ដល់​ពលករ​កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​ការពារ​ ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ ព្រមទាំង​ចូលរួម​ចំណែក​ប្រទេស​ថៃ​ ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ដល់​សមាគម​ទាំង​បី​ ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ស្អិត​ល្មួត​ ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ការ​ការពារ​សុវត្ថិភាព​ សុខមាលភាព​សង្គម​ដល់​ពលករ​កម្ពុជា​ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​បានជា​អតិបរមា​ និង​សូម​គាំទ្រ​នូវ​គម្រោង​របស់​សមាគម​ទាំង​បី​ ដែល​នឹង​រៀបចំ​ផ្តល់​ជូន​សេវាកម្ម​ធានា​រ៉ាប់រង​ដល់​ពលករ​កម្ពុជា​ លើ​ការ​ធានា​គ្រោះថ្នាក់​ការងារ​ និង​អាយុជីវិត​ ដែល​ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​៕

 

ចំនួនអ្នកទស្សនា

    20602037

  • ថ្ងៃនេះ14601
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44431
  • ខែនេះ159581
  • ឆ្នាំនេះ159581
  • សរុប20602037