ភ្នំពេញ៖ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចកាច់កម៉ូតូកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥០នាទី នៅចំណុចផ្ទះលេខ១៥៣២ ផ្លូវជាតិលេខ៥ ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថាជនរងគ្រោះឈ្មោះហូ ឆៃហួ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរបុគ្គលិកក្រុមហ៊ុនបន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍បានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងម៉ូតូរបស់ជនរងគ្រោះនៅម៉ោង២២និង២០នាទីថ្ងៃខែឆ្នាំដដែលនៅចំនុចផ្លូវបេតុងក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
ជនសង្ស័យទី១-ឈ្មោះយុន ដាម៉ិច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មុខរបរ មិនពិតប្រាកដ (មុខសញ្ញាចាស់)មានសារធាតុញៀន, ជនសង្ស័យទី២-ឈ្មោះសេង ម៉េងហៅធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។
សម្ភារៈដកហូតមានៈម៉ូតូម៉ាកវីវ៉ាផលិតឆ្នាំ២០១២ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង1N-4091,សោរខ្សៀលេខ០៨ចំនួនមួយ,ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូចំនួន០១,ដែកលួសសរសៃមួយកំណាត់កែឆ្នៃសំរាប់ឆ្កឹះសោរចំនួន០១។ម៉ូតូបានប្រគល់ជូនម្ចាស់វិញ។
លោកអធិការបន្ថែមថាមុនពេលកើតហេតុខាងលើជនរងគ្រោះបានត្រលប់មកពីកន្លែងធ្វើការវិញដោយទុកម៉ូតូនៅមុខផ្ទះពេលហូបបាយរួចបម្រុងចេញទៅធ្វើការក៏ស្រាប់តែបាត់ម៉ូតូតែម្តង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនតាមនិតីវិធី៕