ភ្នំពេញ៖ មុខសញ្ញាឆក់ចំនួន៣នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ ជា ហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបតកម្មករសំណង់, ទី២-ឈ្មោះ ឃន រ៉ាសាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរបុគ្គលិកហាង និងទី៣-ឈ្មោះ ទី សុខគង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់សែនសុខ ខណ្ឌសែនសុខ មុខរបរកម្មកររោងចក្រ។
សម្ភារៈដកហូតរួមមានៈម៉ូតូ០២គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-5315,ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-2257។
លោកអធិការបន្តថា មុនពេលកើតហេតុវេលាម៉ោងខាងលើ ជនរងគ្រោះនិងជនសង្ស័យធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង។ ជនរងគ្រោះជិះម្នាក់ឯង បានថតឡាយតាមទូរស័ព្ទដៃ លុះដល់ចំណុចកើតហេតុ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់តែម្តង(មិនបានសម្រេច) រួចជិះគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការល្បាតដេញតាមប្រផាប់ប្រភីងរហូតឃាត់ខ្លួនបានក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ។ ចំណែកជនរងគ្រោះពេលដែលសមត្ថកិច្ចកំពុងដេញតាមជនសង្ស័យក៏បាត់គាត់តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕