ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃជនជាតិចិន)។ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមានជនសង្ស័យ២នាក់ ភេទប្រុស ជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់ជនជាតិចិន ភេទស្រី ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូជាមួយមិត្តភក្តិ នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី ហើយគេចខ្លួនបាត់។
បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដឹងថាជនសង្ស័យបានទៅលាក់ខ្លួននៅម្តុំ រ៉ូយ៉ាល់ ស្ថិតនៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ តែម្តង។
លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ ZHANG QI ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ វិមានខ្សាច់ស ស្នាក់នៅសណ្ឋាគារ វិមានខ្សាច់ស ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។សម្ភារៈបាត់បង់៖ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ស,លុយដុល្លារ ៦០ដុល្លារ (នៅជាប់ទូរស័ព្ទ)។
ចំណែកជនសង្ស័យចំនួន០២នាក់៖ទី១-ឈ្មោះ គេង សុខគា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ អ្នកចែកបៀ នៅកាស៊ីណូ ជី.ធី អ៊ិនធើថេនម៉ិន ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជិះពីក្រោយអ្នកឆក់ ) ទី២-ឈ្មោះ ហេង ចាន់តឹង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ )។
វត្ថុតាងចាប់យកបាន៖ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ស ( ផលនៃអំពើទុច្ចរិត ),លុយដុល្លារ ៣៦ដុល្លារ ( ផលនៃអំពើទុច្ចរិត),ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខៈ កោះកុង ១A-៤០៤៦ មានលេខតួ និងលេខម៉ាស៊ីនៈ ៨៨៥៣២០៤ ( មធ្យោបាយធ្វើសកម្មភាព )។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕