ពលរដ្ឋ​ខ្មែរ​៤​នាក់​ រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ នៅ​តំបន់​ហ្កា​វ​ ប្រទេស​ម៉ា​លី​

14-November-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​យប់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ (​ម៉ោង​នៅ​ប្រទេស​ម៉ា​លី​)​ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ (​ម៉ោង​នៅ​កម្ពុជា​)​ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ បង្ក​ឡើង​ដោយ​ក្រុម​ភេរ​វក​បើករថយន្ត​មួយ​គ្រឿង​ ចូល​ទីតាំង​ប្រតិបត្តិការ​មួយ​របស់​អង្គការសហប្រជាជាតិ​ នៅ​តំបន់​ហ្កា​វ​ ប្រទេស​ម៉ា​លី​។​

​ហេតុការណ៍​នេះ​ បាន​បណ្តាល​ឱ្យ​ភេរវ​ករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅ​នឹង​កន្លែង​ និង​បាត់បង់​ជីវិត​ជនជាតិ​ម៉ា​លី​២​នាក់​ ព្រមទាំង​មាន​អ្នក​របួស​១៤​នាក់​ ដែល​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ដែល​បម្រើ​ការ​ឱ្យ​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់​ផង​ដែរ​ ដោយ​មាន​ម្នាក់​របួសធ្ងន់​ និង​៣​នាក់​ទៀត​របួសស្រាល​។​

​សូម​បញ្ជាក់​ថា​ សម្រាប់​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ (​ទាហាន​មួក​ខៀវ​)​ ដែល​បំពេញបេសកកម្ម​នៅ​តំបន់​នេះ​ មិន​មាន​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​ខាងលើ​ទេ​។​

​រហូត​មក​ដល់​ពេល​នេះ​ ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ​ដែល​របួសធ្ងន់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២​ របស់​ចិន​នៅ​ក្នុង​ប្រទេស​ម៉ា​លី​ ចំណែកឯ​អ្នក​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។​

​ពលរដ្ឋ​ខ្មែរ​ដែល​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ​ រួម​មាន​៖១.​ លោក​ ភិន​ សា​រ៉ា​ន់​ ជា​អតីត​បុគ្គលិក​បម្រើ​ការ​ CMAC​ ដែល​ចាប់ផ្តើម​ចូល​បម្រើ​ការ​ជា​អ្នកបកប្រែ​ភាសា​ជាមួយ​ UNMAS​ ចាប់ពី​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ រង​របួសធ្ងន់​ បាក់ឆ្អឹង​ជំនី​ និង​របួស​ក្បាល​។​២.​ លោក​ ហ៊ុ​ល​ សុខ​ហេង​ ជា​អតីត​បុគ្គលិក​បម្រើ​ការ​ CMAC​ រង​រួប​ស្រាល​។​៣.​ លោក​ រៀម​ ឌី​ ជា​អតីត​នាយក​ប្រតិបត្តិការ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​អង្គការ​ CMAC​ រង​របួសស្រាល​។​៤.​ លោក​ សំ​ រ​ដ្ឋា​ ជា​អតីត​បុគ្គលិក​អង្គការ​ Hello​ TRUST​ រង​របួសស្រាល​៕​

 

ចំនួនអ្នកទស្សនា

    20603637

  • ថ្ងៃនេះ16201
  • ម្សិលមិញ11441
  • សប្តាហ៍នេះ46031
  • ខែនេះ161181
  • ឆ្នាំនេះ161181
  • សរុប20603637