ជនសង្ស័យ​ដែល​សម្លាប់​ប្រជា​ការពារ​នៅ​ខណ្ឌដង្កោ​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​ហើយ​

15-November-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ឃាតកម្ម​គិត​ទុកជា​មុន​។​

​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ថា​ច់​ សួ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ភូមិ​បូ​រី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​៤៦​អ៊ី​ នៅ​ភូមិ​សំបូ​រមាស​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​។​

​សូម​បញ្ជា​ក់ថាៈ​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​និង​៤៥​នាទី​ មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​បាន​កើតឡើង​ដោយ​(​ប្រើ​វត្ថុ​រឹង​ចាក់​ស្លាប់​)​ ត្រង់​ចំណុច​ផ្លូវ​បេតុង​ចូល​វត្ដ​ព្រះបាទ​ជាន់​ឯក​ ហៅ​ វត្ដ​ជើងឯក​ ស្ថិត​នៅ​ភូមិ​ជើងឯក​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​តាម​ពាក្យបណ្ដឹង​ឈ្មោះ​ ប៉ោ​ សា​រ៉េ​ត​ ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ (​ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ កេ​ត​ ស៊ី​ថា​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ប្រជា​ការពារ​ភូមិ​។​

​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​២០​នាទី​ ជនសង្ស័យ​ឈ្មោះ​ ថា​ច់​ សួ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ បាន​ប្រើ​អោយឈ្មោះ​ កែវ​ មុន្នី​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ទូរស័ព្ទ​លេខ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ​ កេ​ត​ ស៊ី​ថា​ (​សព​)​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ដែល​មាន​លេខ​ ដើម្បី​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​ព្រៃ​អា​ម៉ា​ស្សូន​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ពេល​នោះ​ជន​រង​គ្រោះ​(​សព​)​ ក៏​បាន​មក​ចូលរួម​ផឹកស៊ី​ជាមួយ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៦​នាក់​ ទី​១-​ឈ្មោះ​ ថា​ច់​ សួ​ (​ជនសង្ស័យ​),​ ទី​២-​ឈ្មោះ​ កេ​ត​ ស៊ី​ថា​ (​សព​),​ ទី​៣-​ឈ្មោះ​ អ៊ិ​ច​ ផា​ណា​ដា​ ហៅ​ស្ពៃ​តឿ​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ (​ត្រូវជា​ប្រពន្ធចុង​របស់​ឈ្មោះ​ កេ​ត​ ស៊ី​ថា​)​ ទី​៤-​ឈ្មោះ​ កែវ​ មុន្នី​រ័​ត្ន​ និង​២​នាក់​ទៀត​មិន​ស្គាល់​ភេទ​ប្រុស​ រហូត​ដល់​វេលា​ម៉ោង​២២​និង​១០​នាទី​ ក៏​បាន​គិតលុយ​ឈប់​ផឹក​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ថា​ច់​ សួ​ ជា​អ្នក​ចេញ​លុយ​ រួច​ក៏​បាន​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​។​ លុះ​វេលា​ម៉ោង​២២​និង​៤៥​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ជន​រង​គ្រោះ​(​សព​)​ បាន​បើក​ម៉ូតូ​របស់​គាត់​ម៉ាក​ PCX​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GX-4649​ លេខ​តួ​ និង​លេខ​ម៉ាស៊ីន​មិន​ចាំ​ ឌុ​ប​ឈ្មោះ​ សាំង​ សាញ់​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មក​ដល់​ត្រង់​ចំណុច​ផ្លូវ​បេតុង​ចូល​វត្ដ​ព្រះបាទ​ជាន់​ឯក​ ហៅ​ វត្ដ​ជើងឯក​ កែង​ផ្លូវបត់​ចូល​ផ្ទះ​ប្រពន្ធចុង​របស់​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​ជើងឯក​ សង្កាត់​ជើងឯក​ ក៏​បាន​ជួប​ជនសង្ស័យ​ឈ្មោះ​ ថា​ច់​ សួ​ ដែល​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​ ពណ៌​ខ្មៅ​មិន​ស្គាល់​ស្លាក​លេខ​ និង​លេខ​តួលេខ​ម៉ាស៊ីន​ម្នាក់ឯង​ឈប់​ត្រង់​ចំណុច​ខាងលើ​ រួច​បាន​ធ្វើ​សកម្មភាព​ចាក់​មក​លើ​ជន​រង​គ្រោះ​(​សព​)​ ចំនួន​៣​កន្លែង​ត្រូវ​ចំ​ប្រអប់​ទ្រូង​ និង​កំ​ពួន​ដៃ​ខា​ឆ្វេង​។​ បន្ទាប់​មក​សមត្ថកិច្ច​យើង​ក៏​បាន​ចុះ​ទៅ​ជួយ​អន្ដរាគមន៍​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​បាន​ដឹក​ជន​រង​គ្រោះ​(​សព​)​ តាម​រថយន្ដ​សាច់ញាតិ​(​សព​)​ យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សូ​គា៍​ តែ​ដោយសារ​ស្ថានភាព​ជន​រង​គ្រោះ​(​សព​)​ធ្ងន់ធ្ងរ​ពេក​ រថយន្ដ​គ្លីនិក​ឯកជន​សូ​គា៍​ ក៏​បាន​ដឹក​ជន​រង​គ្រោះ​(​សព​)​ បន្ដ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ បាន​១០​នាទី​ ស្រាប់តែ​គ្រូពេទ្យ​បាន​ប្រាប់​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ថា​ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ​។​ ហើយ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​(​សព​)​ ក៏​បាន​ដឹក​ជន​រង​គ្រោះ​(​សព​)​ យក​មក​តំកល់​ទុក​នៅផ្ទះ​ឈ្មោះ​ ប៉ោ​ សា​រ៉េ​ត​ ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ (​ប្រពន្ធដើម​)​ ស្ថិត​នៅ​ភូមិ​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនសង្ស័យ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ​បាន​រត់គេច​ខ្លួន​បាត់​។​ ក្រោយមក​សមត្ថកិច្ច​យើង​ក៏​បាន​រាយការណ៍​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ និង​ការិយាល័យ​បច្ចេកទេស​វិភាគ​កន្លែង​កើតហេតុ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​គ្រូពេទ្យ​តុលាការ​ អោយ​ចុះ​មក​សហការ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យល​ជន​រង​គ្រោះ​(​សព​)​ខាងលើ​។​

​តាម​ការ​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ (​សព​)​ ពិតជា​ស្លាប់​ដោយសារ​ជនសង្ស័យ​ចាក់​ចំនួន​០៣​កន្លែង​ ប្រអប់​ទ្រូង​ និង​កំ​ពួន​ដៃ​ បណ្តាល​អោយ​ស្លាប់​ប្រាកដ​មែន​។​

​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ស្លាកស្នាម​ ប្រមូល​ភស្តុ​តាង​ និង​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​អោយឈ្មោះ​ ប៉ោ​ សា​រ៉េ​ត​ ប្រពន្ធដើម​ ស្ថិត​នៅ​ភូមិ​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ឈ្មោះ​ ប៉ោ​ សា​រ៉េ​ត​ បាន​ដាក់​ពាក្យបណ្តឹង​ចំ​ឈ្មោះ​ជនសង្ស័យ​ ថា​ច់​ សួ​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20604207

  • ថ្ងៃនេះ371
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46601
  • ខែនេះ161751
  • ឆ្នាំនេះ161751
  • សរុប20604207