ពោធិ៍សាត់៖ នារីជនរងគ្រោះឈ្មោះ សឿន ចាន់រ៉ាត់ អាយុ២២ឆ្នាំ រស់នៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់ក្នុងទឹកប្រឡាយខណៈពេលរូបគាត់យកស្លឹកត្នោតទៅត្រាំនៅចំណុចប្រឡាយទឹកខាងជើងផ្ទះដែលមានចម្ងាយ២៥ម៉ែត្រ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាទៅដល់កន្លែងកើតហេតុហើយផ្តល់ព័ត៌មានជូនសមត្ថកិច្ចជាបន្ទាន់ផងដែរ។
តាមការរៀបរាប់ស្ត្រីឈ្មោះ វ៉ាន់ វុត អាយុ៤៦ឆ្នាំបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគាត់មានកូនបង្កើត២នាក់ ហើយនារីរងគ្រោះជាកូនទី២ មុនថ្ងៃកើតហេតុគាត់បានប្រើជនរងគ្រោះឲ្យដេរស្លឹកត្នោត ក្នុងគោលបំណងទុកសម្រាប់ប្រក់ ដំបូងនេះ ដំបូលនោះ ដូចជាទ្រង់មាន់ ឬធ្វើអ្វីផ្សេងៗទៀត លុះដេរស្លឹកបានជនរងគ្រោះ ក៏យកស្លឹកត្នោតទៅត្រាំទឹកប្រឡាយនៅខាងជើងផ្ទះ ខណៈនោះអ្នកស្រុកក្រឡេកមើលទៅ ប្រទះឃើញជនរងគ្រោះប្រកាច់ធ្លាក់ទឹកប្រឡាយ ក៏ស្រែកឆោឡោរត់មកប្រាប់ រូបគាត់ជាម្តាយ និងអ្នកស្រុករត់ទៅដល់កន្លែងកើតហេតុស្រង់ជនរងគ្រោះពីទឹកមកលើគោកគេស្លាប់បាត់ជីវិតតែម្តង។ ស្ត្រីឈ្មោះ វ៉ាន់ វុត ជាម្តាយជនរងគ្រោះបានបន្តថាជនរងគ្រោះមានជំងឺស្កន់ជ្រូក ឧស្សាហ៍ប្រកាច់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតដូចថ្ងៃកើតហេតុនេះឡើយ។
សមត្ថកិច្ចមូលដ្ឋានលោកនាយប៉ុស្តិ៍នគរបាលស្នាអន្សាបានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យឃើញថាជនរងគ្រោះ ពិតជាប្រកាច់ធ្លាក់ប្រឡាយលង់ទឹកស្លាប់ខណៈរូបគេយកស្លឹកត្នោតទៅត្រាំនៅខាងជើងផ្ទះរបស់គេ ពិតប្រាកដមែន សាកសពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕