ស្វាយរៀង៖ មនុស្ស៣នាក់រងរបួសស្រាលនិងម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើង។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៧នាទី ស្ថិតលើផ្លូវខេត្តលេខ៣១៥ ចំណុចភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកម៉ូតូបង្កឈ្មោះហែម កៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្ដៅទី១ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-9136 បើកពីទិសខាងត្បូងមកជើង រួមដំណើរចំនួន២នាក់រួមមានទី១-ឈ្មោះ រឿន រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិក ទី២-ឈ្មោះ ថៃ ឧសភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ អ្នកទាំង២នាក់សព្វថ្ងៃរស់នៅភូមិឃុំជាមួយអ្នកបើកបរ។
ចំណែកអ្នកថ្មើរជើងឈ្មោះ ម៉ែន ស៊ាន ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដឹកគោពីទិសខាងជើងទៅត្បូង។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឲ្យមនុស្ស៤នាក់ប្រុស របួសស្រាល៣នាក់ និងស្លាប់ម្នាក់ ឈ្មោះ ម៉ែន ស៊ាន ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យដល់ពាក់កណ្តាលផ្លូវ។
មូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាសវែងយកវត្ថុតាង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុខដា៕