ពោធិ៍សាត់៖ ឃាតកមួយក្រុមមានគ្នា៤ទៅ៥នាក់បានចូលផ្ទះជនរងគ្រោះបាញ់និងកាំភ្លើងស្នប់(កាំភ្លើងខ្យល់) បណ្តាលឲ្យបុរសជាប្តីស្លាប់និងប្រពន្ធរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបត់កណ្តោល ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។
តាមការរៀបរាប់របស់អុំស្រីឈ្មោះហ៊ុន ណែម អាយុ៧២ឆ្នាំ រស់នៅភូមិឃុំខាងលើត្រូវជាជនរងគ្រោះកំពុងស្រាកព្យាបាលនៅមន្ទីរពេទ្យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឮសូកាំភ្លើងផ្ទុះស្រាប់ត្រូវកំភួនជើងគាត់មួយគ្រាប់បណ្តាលឲ្យគាត់ស្រែក ខណៈពេលនោះក្រុមឃាតកចំនួន៤-៥នាក់បានចូលផ្ទះរបស់គាត់ហើយវាយទៅលើប្តីរបស់គាត់ឈ្មោះធូ ឆន អាយុ៨៣ឆ្នាំ ដែលគាត់មានវ័យចាស់ជាច្រើនដំបងបណ្តាលឲ្យបែកក្បាលហូរឈាមរហូតដល់ស្លាប់។
លោកវរសេនីយ៍ត្រីជា អារុណ អធិការរងនគរបាលស្រុកបាកាន លោកបានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ រកឃើញគ្រាប់ច្នៃពីដែកសរសៃថ្នាំងអំពៅបាញ់កាំភ្លើងស្នប់(កាំភ្លើងខ្យល់) មួយគ្រាប់ សមត្ថកិច្ចកំណត់ចាប់បានមុខសញ្ញាសង្ស័យម្នាក់ឈ្មោះឃុន ដារ៉ា (ហៅចន្តា) ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ គិតមកដល់ពេលនេះជនសង្ស័យមិនព្រមសារភាពនោះឡើយ។
លោកជា អារុណបានបន្តថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់មានជម្លោះគ្នារហូតដល់មានការប្តឹងដោយចោទប្រកាន់ ជនរងគ្រោះថា ជាអ្នកចេះធ្វើអំពើរឲ្យកូនរបស់ខ្លួនឈឺ ហើយគម្រាមទៅលើជនរងគ្រោះដោយពោលពាក្យថា ប្រសិនបើកូនគេស្លាប់ តាឯងក៏ស្លាប់ដូចកូនគេដែរ បានរយៈពេលមិនយូរ ប៉ុន្មានក៏កើតមានករណីឃាតកម្មមួយនេះតែម្តង វត្ថុតាងនិងជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងតាមចាប់បក្ខពួកជនល្មើសយកមកផ្តល់ន្ទាទោសរកយុត្តិធម៌ជូនជនរងគ្រោះ ៕