ព្រះសីហនុ៖ ជនទំនើង៣នាក់ ត្រូវនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនាទៅលើជនជាតិចិន ចំនួន២លើក ២យប់ផ្ទួនៗ បណ្តាលឲ្យជនជាតិចិនចំនួន៣នាក់រងរបួសធ្ងន់។
ករណីទី១៖នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង១០នាទី នៅផ្លូវជិតព្រះរាជដំណាក់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ មានជនសង្ស័យ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពប្រើដាវកាប់ វាយទៅលើបុរសជនជាតិចិន១នាក់ ដែលកំពុងឈរបទជើងតូច ក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយជនល្មើសបានជិះម៉ូតូគេចខ្លួន បាត់អស់ទៅ។
ករណីទី២៖នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៣០នាទី នៅផ្លូវកាស៊ីណូឡាយអ៊ិនស៊ីធី ចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងដដែល បានធ្វើសកម្មភាព ប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិន២នាក់ ដែលកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយជនល្មើស បានជិះម៉ូតូគេចខ្លួនបាត់ទៅ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងជំនាញ គ្រប់ផ្នែកសហការគ្នា បើកការស៊ើបអង្កេតរុករកមុខសញ្ញា បង្កហេតុជាបន្ទាន់ រហូតដល់យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២និង១០នាទី សមត្ថកិច្ចស្រាវជ្រាវស្វែងរក ចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះយ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជនដៃដល់ អ្នកបើកម៉ូតូ), ទី២-ឈ្មោះហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)និងទី៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
វត្ថុតាងចាប់យកបាន៖ដាវ ១ដើម (ឧបករណ៍ធ្វើសកម្មភាព),ដំបងដែករលាស់១ដើម (ឧបករណ៍ធ្វើសកម្មភាព)
ម៉ូតូ១គ្រឿង ម៉ាកវេវពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FP-8812 (មធ្យោបាយជិះធ្វើសកម្មភាព)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាពួកគេបាន ប្រព្រឹត្តបទល្មើស ប៉ុនប៉ងមនុស្សឃាត ទៅលើជនជាតិចិន ទាំងពីរលើក ពិតប្រាកដមែន ដោយសារពួកគេខឹងជនជាតិចិន ដែលបានមកផឹកស៊ី នៅលើផែទូកទេសចរណ៍ ហើយរាំអោបមិត្តស្រីរបស់ពួកគេ ធ្វើអោយជនសង្ស័យខឹង បាននាំគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង តាមកាប់ជនរងគ្រោះតែម្តង។
ជនសង្ស័យបានសារភាពបន្ថែមថា៖ ពួកគេស្អប់ជនជាតិចិន ពី ព្រោះជនជាតិចិន មកដល់ប្រទេសកម្ពុជា ពេលផឹកស៊ី និងចេញពីធ្វើការ ដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរ ម៉ូតូឲ្យជៀស បែរជាស្រែជេរពួកគេទៅវិញ។
ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាតនេះមាន៖
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI លិខិតឆ្លងដែនលេខៈ EE៤៤១២៤០៨ ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន២នាក់៖ទី១-ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ,ទី២-ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន អ្នកទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ចំពោះជនសង្ស័យចំនួន៥នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ ពីបទប្រព្រឹត្តបទល្មើសលួចដោយក្លាហាន ឆក់សម្ភារៈរបស់ភ្ញៀវទេសចរណ៍ តាមទីសាធារណៈ និងដកហូតបានវត្ថុតាងទូរស័ព្ទទំនើប ចំនួន២ គ្រឿង។
២ករណីខាងលើ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕