ស្វាយរៀង ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង និងលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍នព្វមាស(៩ខែ)របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានការចូលរួមពីតំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អយ្យការ និងតុលាការ សរុប១០០រូប។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាល និងជាអនុប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានប្រសាសន៍ ស្វាគមន៍ និងរបាយការណ៍ សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ពន្ធ័និងការចូលរួមពីប្រជាពលរដ្ឋយើង។
ក្នុងឱកាសនោះ ថ្លែងក្នុងនាមឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តស៊ូបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន និងការជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរបង្អែកទាំង១០កន្លែងហើយ"ការងារព្យាបាលអ្នកញៀនគ្រឿងញៀនគឺជាការងាររបស់យើងទាំងអស់គ្នា" មិនមែនជារបស់ក្រុមណាដាច់មុខឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ែន វិបុល អភិបាលនិងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងសាទរដល់លទ្ធផលការងារ៩ខែរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបង្ហាញពីការសហការធ្វើការរួមគ្នាជាពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយទៅគ្រប់គោលដៅទាំងអស់ពិសេសគោលដៅក្លឹបកំសាន្តសប្បាយ ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល អ្នកបើកបរ ជាដើម ។ល។ និងការជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលយកការព្យាបាលនៅតាមមណ្ឌលសុខភាព និងពេទ្យបង្អែក ៕