ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូទូយកទៅបញ្ចាំ) នៅចំណុចផ្ទះសំណាក់សម្បត្តិមាស ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ នូ អ៊ិតភីរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រួបង្រៀន ស្នាក់នៅក្នុងវិទ្យាល័យសុខអានព្រៃសណ្តែក ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ជនងគ្រោះឈ្មោះ ផាត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវបេតុង ភូមិកោះដាច់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សម្ភារៈបាត់បង់៖ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FK-7325 (ម៉ូតូរបស់ជនរងគ្រោះ)។
លោកអធិការបន្តថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះនិងជនសង្ស័យជាមិត្តភ័ក្ត្រ និងគ្នាបានមកជួលបន្ទប់ផ្ទះសំណាក់សម្បត្តិមានស្នាក់នៅ (ចំណុចកើតហេតុខាងលើ) លុះព្រឹកឡើងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៦ និង១០នាទី ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះដោយនិយាយប្រាប់ជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅដូរខោអាវ ក្រោយពីបានខ្ចីម៉ូតូបាន ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំនៅកាស៊ីណូ(NAGA) ក្នុងតម្លៃចំនួន៦៧០ដុល្លារ រួចយកលុយទៅលេងល្បែងចាញ់អស់។ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យវិញ ជនរងគ្រោះបានដើររកឃើញជនសង្ស័យនៅម្តុំមុខសាលាគរុកោសល្យ (សង្កាត់ចតុមុខ) រួចជនរងគ្រោះ និងមិត្តភ័ក្ត្រឈ្មោះ មុំ វ៉ារ៉េន បាននាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕