ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣0នាទី នៅចំណុចមុខភោជនីយដ្ឋានភូមិសាច់អាំង១៦៨ ផ្ទះលេខ១២ ផ្លូវ៥២៨ ក្រុម៤៥ ភូមិ១២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
លោកវរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យឈ្មោះ សេង ដេវិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅបណ្ដោះផ្ទះជួល ផ្លូវបេតុង ក្រុម១៥ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាញ់ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាច់អាំង១៦៨ ស្នាក់នៅផ្ទះ៦១ ផ្លូវរថភ្លើង ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សម្ភារៈបាត់បង់ៈម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ខ្មៅស៊េរី២០១២ ស្លាកលេខ 1BM-3832។
លោកអធិការបន្តថាកាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៨និង៣០នាទី ជនរងគ្រោះកំពុងធ្វើការនៅភោជនីយដ្ឋានសាច់អាំង១៦៨ ស្រាប់តែជនសង្ស័យដែលធ្លាប់ធ្វើការជាមួយ ក៏បានមកខ្ចីម៉ូតូដើម្បីទៅទិញបាយ ជនរងគ្រោះក៏យល់ព្រមអោយម៉ូតូយកទៅ។ប៉ុន្តែពេលនោះជនសង្ស័យទៅរហូតដោយមិនបានយកម៉ូតូមកប្រគល់អោយវិញឡើយ។
លុះដល់ថ្ងៃ២៦ជនរងគ្រោះក៏បានឃើញជនសង្ស័យក៏ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១តែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕