ពោធិ៍សាត់៖ បុរសរងគ្រោះម្នាក់ចុះងូតទឹកស្ទឹងលង់ស្លាប់ ទុកឲ្យប្រពន្ធក្លាយជាស្រីមេម៉ាយកូនប្រុសស្រី៤នាក់ក្លាយទៅជាកូនកំព្រាឪពុក។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១៦និង១៨នាទីថ្ងៃទី២៩ វិច្ឆិកា២០១៨ នៅចំណុចក្នុងស្ទឹងខាងលិចវត្តកោះជុំ ស្ថិតក្នុងភូមិជ័រម្កាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការរៀបរាប់របស់បងស្រីយី សុផល មានអាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធបុរសរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះឈ្មោះម៉ុយ សំ អាយុ៤៦ ឆ្នាំ ត្រូវជាប្តីបានផឹកស្រាស្រវឹង ជោគជាំ រួចពោលប្រាប់ ខ្លួនថារកចុះទៅងូតទឹកបន្តិចសិន មួយរំពេចនោះបុរសជាប្តីក៍ដើរសំដៅទៅទឹកស្ទឹងក្បែរផ្ទះ លុះរូបគាត់ទៅងូតទឹកយូរពេកប្រពន្ធកូនក៍ដើរសំដៅទៅមាត់កំពង់ទឹកដែលជនរងគ្រោះចុះងូតស្រាប់ ឃើញតែខោអាវបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ចុះរាវរកប្រទះឃើញសាកសពដេកស្លាប់ក្នុងទឹកស្ទឹងហើយនាំគ្នាយកអង្រឹងស្នែងសែងសាកសពមកផ្ទះនិងរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ពីករណីរឿងនេះ។
លោកវរសេនីយ៍ឯក ឯម រុន អធិការស្រុកក្រគរបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និង លំនៅដ្ឋានរបស់ជនរងគ្រោះពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយករណីលង់ទឹកស្លាប់ដោយមូលហេតុស្រវឹងពិតប្រាកដមែន សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕