កណ្ដាល៖ បុរសម្នាក់ត្រូវបុរសម្នាក់ទៀតយកស្នាប់ដៃវាយ បណ្ដាលឲ្យទទួលរងរបួសយ៉ាងទម្ងន់ បន្ទាប់ពីបុរសទាំង២នាក់មានទំនាស់ពាក្យសម្ដីគ្នាព្រោះតែបើកម៉ូតូទាក់ដៃចង្កូតគ្នា ។
ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចខាងជើងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
លោកអនុសេនីយ៍ឯក ហុង សុខលី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពូក លីម ភេទ ប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ងីម សែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល (គេចខ្លួន)។
លោក ហុង សុខលី បន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីភូមិជ្រៃធំមកផ្ទះរបស់ខ្លួន លុះមកដល់ចំណុចស្ពានព្រែកវត្តក្នុងភូមិកោះទៀវ(ខ) ក៏បានប៉ះដៃម៉ូតូគ្នាបានបង្កជាទំនាស់ទាស់ពាក្យសម្ដីនិងបានជេរគ្នាបន្តិចបន្ទួចបន្ទាប់មកជនរងគ្រោះនិងជនសង្ស័យបានជិះម៉ូតូមករៀងៗខ្លួនទៅ។ លុះមកដល់ចំណុចខាងជើងគល់ស្ពានព្រែកទីវក្នុងភូមិកោះទៀវ(ក) ជនរងគ្រោះក៏ឈប់ម៉ូតូបានបន្តិច ភ្លាមនោះជនសង្ស័យ ក៏បានជិះម៉ូតូឌុបគ្នាមនុស្សស្រីម្នាក់មកដល់ឈប់ក្បែរជនរងគ្រោះ រួចបានយកស្នាប់ដៃរបស់ខ្លួន វាយទៅលើជនរងគ្រោះជាច្រើនដៃ បណ្ដាលឲ្យរងរបួសចំក្ដោងច្រមុះជាទម្ងន់ និងដួលសន្លប់លែងដឹងខ្លួន ខណៈនោះក៏មានបងប្អូនជិតខាងចូលទៅជួយឃាត់ ទើបជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀណាម ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងស្រាវជ្រាវតាមរកចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធីវច្បាប់ ៕