កណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវនគរបាលស្រុកកោះធំធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើរួមទាំងជនរងគ្រោះបាននាំគ្នាទិញស្រាផឹក រហូតស្រវឹងមានទំនាស់ពាក្យសម្ដីគ្នា ធ្វើឲ្យជនសង្ស័យទាំង២នាក់យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសយ៉ាងទម្ងន់ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។
មន្ដ្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន ចយ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ ស៊ិន សារីវុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២-ឈ្មោះ ណុប សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យ បាននាំគ្នាទិញស្រាផឹកជាមួយគ្នា លុះផឹកស្រវឹងរៀងៗខ្លួន ស្រាប់តែពួកគេទាំង៣នាក់បានទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ភ្លាមនោះជនសង្ស័យឈ្មោះ ស៊ិន សារីវុធ បានស្ទុះទៅវាយជនរងគ្រោះឈ្មោះ ផាន ចយ ជាច្រើនដៃ បន្ទាប់មកជនសង្ស័យឈ្មោះ ណុប សារិទ្ធ បានយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះ១កាំបិតត្រូវចំស្មារខាងស្ដាំ បណ្ដាលឲ្យជនរងគ្រោះរងរបួសដាច់រយះចេញឈាមដេរចំនួន៦ថ្នេរ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះធំក ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។ បន្ទាប់ពីកម្លាំងនគរបាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះក៏ចុះដល់កន្លែងកើតហេតុរួចធ្វើការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕