បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ រស់ រៀម នាយការិយាល័យស្តីទី បានឃាត់រថយន្ត០១គ្រឿងម៉ាក FOD RAGER ពីរបាំង ចង្កូតស្តាំ ពណ៌ប្រផេះ ផលិតនៅឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាង្មី ឃុំកូប ស្រុកអូរជ្រៅ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ រស់ រៀម នាយការិយាល័យ ស្តីទីបានឲ្យដឹងថា៖ រថយន្តចង្កូតស្តាំ ដែលឃាត់នេះសង្ស័យអ្នកទិញយកមកប្រើប្រាស់គ្មានពន្ធនាំចូល និងប្រើប្រាស់ប័ណ្ណសម្គាល់យានយន្ត ក្លែងក្លាយ។ បើតាមការសាកសួរអ្នកបើកបររថយន្តឈ្មោះ នាង សារឿន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក បានប្រាប់សមត្ថកិច្ចថា៖ប្រហែលមួយសប្តាហ៍មុនខ្លួនបានដូរដីជាមួយឈ្មោះស៊ុន សារឿន ភេទប្រុសអាយុ៥៨ឆ្នាំ នៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ដោយខ្លួនបានប្រគល់ដីឲ្យឈ្មោះស៊ុន សារឿន ចំនួន៣ហិកតា នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ជាថ្នូរនិងរថយន្ត FOD RAGER នេះ តម្លៃ២ម៉ឺនដុល្លាអាមេរិក។
ចំណែកចម្លើយឈ្មោះស៊ុន សារឿន បាននិយាយថា៖រយៈពេលប្រហែលជាបីខែមុន ខ្លួនបាដូរដីជាមួយនិងរថយន្ត FODនេះ ជាមួយឈ្មោះ ជា សុខុម ភេទប្រុស មុខរបរជាយោធា នៅឯស្មាច់ ខេត្តឧត្តរមានជ័យ ដោយប្រគល់ដីចំនួន១ហិកតាកន្លះ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ជាថ្នូរនិរងរថយន្ត FOD RAGER នេះ។ក្រោយពីដូរបានខ្លួនបានពឹងពាក់ប្អូនធម៌នៅភ្នំពេញ ធ្វើស្លាកលេខនិងប័ណ្ណសម្គាល់រថយន្ត ក្នុងតម្លៃ៥ពាន់ដុល្លា ឲ្យប្អូនធម៌គាត់រកពឹងគេជួយធ្វើឲ្យ ពេលយកស្រាប់ប័ណ្ណសម្គាល់យានយន្តនិងស្លាកលេខក្លែងក្លាយ គាត់បានព្យាយាមទូរស័ព្ទទៅអ្នកធ្វើតែតេមិនចូល ក្រោយមកលឺថា អ្នកធ្វើនោះត្រូវបានសមត្ថកិច្ចចាប់ពីបទធ្វើ ប័ណ្ណយានយន្តនិងស្លាកក្លែងក្លាយ។
នាយការិយាល័យស្តីទី ក៏បានបញ្ជាក់ថា៖ដោយផ្អែកលើឯកសារពាក់ព័ន្ធដែលដកហូតបាន និងចម្លើយសារភាពរបស់ឈ្មោះ នាង សារឿននិងឈ្មោះស៊ុន សារឿន ជនទាំង២នាក់នេះ គឺពិតជាប្រើប្រាស់ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយប្រាកដមែន បច្ចុប្បន្នជនទាំង រួមរថយន្តត្រូវបានបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់វិធានការច្បាប់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះផងដែរ៕