កណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នបណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៣៨០ ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម ប៊ុណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-8035។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុពុំដឹងជាបុកនឹងអ្វីបណ្ដាលឲ្យម៉ូតូជនរងគ្រោះដួលធ្វើឲ្យជនរងគ្រោះបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ រួចពិនិត្យវាស់វែងឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារបើកម៉ូតូដួលដោយខ្លួនឯង ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញកសាងឯកសារនិងដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕