កែប៖ ដោយអនុវត្តន៍តាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកងកំលាំងអន្តរាគមន៍ពិសេសខេត្ត តាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប និងការសំរបសំរួលពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តកំពត នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បានស្ទាក់ចាប់ការចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់១លើក នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដោយដកហូតជាក់ស្តែងបានថ្នាំ៧កញ្ចប់ (ធំ១កញ្ចប់ តូច៦កញ្ចប់) ដែលសាម៉ីជនទទួលស្គាល់ថាជាម៉ាទឹកកក។
បន្ទាប់ពីការស្ទាក់ចាប់យើងបានបន្តនីតិវិធី នៅឆែកឆេរផ្ទះជនសង្ស័យដោយដកហូតបានបន្ថែម ដាវសាម៉ូរៃ1ដើម,កាំភ្លើងកែច្នៃ២ដើម,កន្ត្រៃ១ដើម,ទូរស័ព្ទ២គ្រឿង,ថង់សំរាប់វេចខ្ចប់ និងឧបករណ៍សំរាប់ជក់មួយចំនួនទៀត។
ជនសង្ស័យមានឈ្មោះ៖ទី១-ឈ្មោះ ហេង ចាន់ចាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត រស់នៅភូមិ ឃុំខាងលើ ជាអ្នកចែកចាយ និងជាម្ចាស់គ្រឿងញៀន និងសម្ភារៈខាងលើ,ទី២-ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ជាអ្នកទទួលខុសត្រូវដើរចែកចាយ តាមការចង្អុលណែនាំពីឈ្មោះ ហេង ចាន់ចាវ។
ក្រោយការចាប់ខ្លួនយើងបាននាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការបន្ត៕