ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាអធិបតីក្នុងពីធីចែកអំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកបន្ទាយអំពិលចំនួន៧០០គ្រួសារ។
តាមរបាយការណ៍របស់លោកចូវ សង្អៀបប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តឧត្តរមានជ័យ បានលើកឡើងថា ដោយសារឆ្នាំ២០១៨នេះ ខេត្តឧត្តរមានជ័យ បានទទួលរងនូវគ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់បានបង្កឲ្យប្រជាពលរដ្ឋយើងភាគច្រើនដែលប្រកបរបរកសិកម្មមិនទទួលបានផលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គន់ជីវភាពគ្រួសារ ធ្វើឲ្យគ្រួសារខ្វះខាតដាច់ស្បៀង ហើយគ្រួសារខ្លះត្រូវបង្ខំចិត្តធ្វើចំណាក់ស្រុកទៅក្រៅប្រទេស ស្វែងរកការងារធ្វើដើម្បីដោះស្រាយជីវភាព ជាក់ស្តែង ក្នុងស្រុកបន្ទាយអំពិលដែលយើងកំពុងប្រារព្វពិធីនេះ គឺទទួលរងផលប៉ះពាល់ច្រើនជាងគេ ដូចនេះមន្ទីរបានរួមសហការគ្នា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក អភិបាលនៃគណៈអភិបាលខេត្ត បានគិតគូរនិងដោះស្រាយជាអំណោយជូនគ្រួសារក្រីក្រដាច់ស្បៀងចំនួន៧០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានរួមមាន អង្ករ២៥គីឡូក្រាមនិងឃីត០១កញ្ចប់ផងដែរ។
នៅក្នុងឱកាលនោះដែរលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយអាជីវករផ្សារគោកមនទៀតផង៕